បូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង ដែលជាទីកន្លែងលោកឧកញ៉ាពលីជីវិតទៅកេណ្ឌទ័ពខ្មោច ដើម្បីមកជួយការពារទឹកដីខ្មែរ បានក្លាយជាទីសក្ការបូជាពេញនិយម សម្រាប់អ្នកខេត្តពោធិ៍សាត់ និងភ្ញៀវទេសចរមកពីខេត្តផ្សេងៗទៀត ដោយគេមានជំនឿថាពូកែស័ក្តិសិទ្ធិ។

លោក ម៉ៅ សោភ័ណ្ឌ ប្រធានគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន ធ្លាប់បានអះអាងថា បូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងមួយថ្ងៃៗមានភ្ញៀវមកពីគ្រប់ទិសទីបានចូលគោរពបូជាយ៉ាងតិច ៦០នាក់ ប៉ុន្តែថ្ងៃខ្លះមានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិរាប់រយនាក់ ចូលគោរពបូជាព្រមៗគ្នា ធ្វើឲ្យមនុស្សកកស្ទះនៅបរិវេណបូជនីយដ្ឋានក៏មាន។

ចំណែកឯលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ទីសក្ការបូជាឧកញ៉ា ឃ្លាំង មឿង គឺជាទិសដៅរបស់ភ្ញៀវសម្រុកទៅបន់ស្រន់ច្រើន។ លោកបានរំឭកថា តួរយ៉ាងកាលពីឆ្នាំ២០០៨ នៅគ្រាដែលប្រទេសកម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃ គេបានធ្វើពិធីឡើងអ្នកតា ឃ្លាំង មឿង ហើយកាលណោះមានភ្ញៀវច្រើនណាស់បានចូលរួម។

ទីផ្នូរលោកឧកញ៉ាឃ្លាំងមឿង និង ជំទាវខាន់ខៀវ ស្ថិតនៅក្នុងភូមិ កំពែងស្វាយ ឃុំ ស្នាមព្រះ ស្រុក បាកាន មានចម្ងាយប្រមាណជា ៦ គីឡូមែ៉ត្រពីទីរួមខេត្តពោធិ៍សាត់។ រណ្ដៅដែលលោកឧកញ៉ាមឿងបានលោតនោះ ត្រូវបានរក្សាការពារទុកមកដល់សព្វថ្ងៃ ដោយធ្វើជាអគារមួយមានក្បាច់រចនាយ៉ាងស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬ ផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និង ជំទាវ តម្កល់ឱ្យឈរចង្អុលបែរមុខទៅរកកន្លែង ដែលគាត់បានលោតនោះ។ បច្ចុប្បន្ននៅទីនោះ បានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិ និង អន្តរជាតិទៅកម្សាន្តជារៀងរាល់ថ្ងៃ ថែមទាំងប្រមូលបានប្រាក់កសាងសមិទ្ធផលជាបន្តបន្ទាប់ផងដែរ។

សូមរំឭកអំពីប្រវត្តិសាស្ត្ររបស់ឧកញ៉ា ឃ្លាំង មឿង ឬអ្នកតា ឃ្លាំង មឿង ដូចតទៅ៖
លោកតាឃ្លាំងមឿង ជាមេទ័ពមួយរូប ដ៏ល្បីល្បាញនៅក្នុងសម័យលង្វែក អ្នកណាក៏តែងតែក្រែងញញើតពីអនុភាពរបស់លោកតាឃ្លាំងមឿងដែរ។ លោកតាឃ្លាំងមឿងបានធ្វើសង្គ្រាមនៅក្នុងសមរភូមិមិនដែលទទួលបរាជ័យសូម្បីតែមួយលើក ធ្វើឱ្យព្រះបាទ ច័ន្ទរាជា ទ្រង់បានសព្វព្រះរាជហរទ័យត្រាសបង្គាប់ឱ្យឧកញ៉ាឃ្លាំងមឿងជាមេទ័ពសេនាដៃស្ដាំរបស់ព្រះអង្គរហូតមក។ នៅថ្ងៃមួយព្រះបាទច័ន្ទរាជក៏បានត្រាស់បង្គាប់ ឧកញ៉ាឃ្លាំងមឿងឱ្យចេញទៅធ្វើសង្គ្រាមការពារខេត្តដែលនៅជាប់ព្រំប្រទល់សៀម ដោយសារតែពួកសៀមវាយសម្រុកចូលមកលឿនពេក ហើយក៏បានដណ្ដើមយកខេត្តបាត់ដំបងបាន ហើយពួកសៀមបម្រុងវាយយកខេត្តពោធិសាត់មួយខេត្តទៀត ទើបធ្វើឱ្យឧកញ៉ាឃ្លាំងមឿងបោះជំរុំនៅក្នុងខេត្តពោធិ៍សាត់។

ការវាយលុក និង ការឡោមព័ទ្ធ របស់មេទ័ពសៀមអស់រយៈពេលជាយូរខែយូរថ្ងៃក៏នៅតែមិនបានសម្រេច ធ្វើឱ្យឧកញ៉ាឃ្លាំងមឿងបាត់បង់កងទ័ពអស់ជាច្រើននាក់ ការសុំកងទ័ពជំនួយក៏មិនទាន់មកដល់ ហើយឧកញ៉ាឃ្លាំងមឿងក៏បានសម្រេចចិត្តសរសេរសារលិខិតទៅថ្វាយព្រះបាទច័ន្ទរាជាម្ដងទៀត ដោយមានអត្ថន័យថា (បពិតព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ទូលព្រះបង្គំសូមថ្វាយជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោចមកធ្វើចម្បាំងដណ្ដើមយកទឹកដី ដែលបានបាត់បងមកវិញ )។ ឧកញ៉ាឃ្លាំងមឿងសរសេរសារថ្វាយរួចហើយ ក៏បានបញ្ជាកូនទាហានទៅជីករណ្ដៅដែលមានជម្រៅរហូតដល់ ៣ ម៉ែតហើយនៅក្នុងរណ្ដៅនោះត្រូវដាំសុទ្ធតែកាំបិត និង ចម្រូងឬស្សីយ៉ាងមុតស្រួច។

ឧកញ៉ាឃ្លាំងមឿងបានលោតចូលទៅក្នុងរណ្ដៅភ្លាមមួយរំពេច ស្រាប់តែពេលនោះមានភរិយាព្រមទាំងកូនប្រុសរបស់គាត់ក៏បានលោតចូលទៅក្នុងនោះផងដែរ ហើយក៏មានមេទ័ព ជំនិត២នាក់ក៏ហ៊ានលះបង់ជីវិតទៅតាមបម្រើឧកញ៉ាឃ្លាំងមឿង។ ឧកញ៉ាឃ្លាំងមឿងបានលះបង់ជីវិតទាំងគ្រួសារដើម្បីការពារទឹកដីខ្មែរ។
៣ ថ្ងៃក្រោយមក នាពេលយប់ខែភ្លឺមួយ ស្រាប់តែមានសំឡេងពិណ្យពាទ្យ និង មានសំឡេងស្រែកហ៊ោកញ្ជ្រាវរបស់កងទ័ពខ្មោច ដែលឧកញ៉ាឃ្លាំងមឿងបានទៅកេណ្ឌក៏បានមកដល់ ហើយធ្វើឱ្យកងទ័ពសៀមចុកពោះ រាករូសគ្មានកម្លាំង ក្រោកឈរទៅណាក៏មិនរួច លុះដល់ពេលព្រឹកឡើងកងទ័ពរបស់ឧកញ៉ាឃ្លាំង មឿង ដែលនៅរស់ទាំងអស់ ក៏បានចូលទៅចាប់ចងកងទ័ពសៀមទាំងអស់ ដែលបានឡោមព័ទ្ធកងទ័ពឧកញ៉ាឃ្លាំងមឿង ។

ចាប់តាំងពីពេលនោះមក ស្នាដៃរបស់ឧកញ៉ា ឃ្លាំង មឿង ក៏បានចារទុកនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររហូតមកដល់ពេលបច្ចុប្បន្ន ហើយក៏មានប្រជាពរដ្ឋជាច្រើន មកគោរពបូជាចំពោះឧកញ៉ាឃ្លាំងមឿងមកដល់សព្វថ្ងៃ៕