យ៉ាងតិចមានឧកញ៉ាល្បីឈ្មោះ២រូប ព្រមទាំងអ្នកជំនួញជោគជ័យជាច្រើនរូបទៀត បានសម្រេចបោះទុនរួមគ្នា បង្កើតជាក្រុមហ៊ុន រកស៊ីហាងបញ្ចាំធំមួយ ត្រៀមបើកសម្ពោធនាពេលឆាប់ៗខាងមុខនេះ មិនត្រឹមតែប៉ុណ្ណោះ មុខជំនួយនេះគ្រោងពង្រីកសាខា ជាច្រើនកន្លែងទៀត ស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាតែម្ដង។

ម្ចាស់ភាគហ៊ុននៃអាជីវកម្មខាងលើត្រូវបានបង្ហាញឲ្យដឹងថា មានលោកឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា លោក ឧកញ៉ា ហ៊ួត ជា លោក បណ្ឌិត ឡាយ គីមឆេន លោក ង៉ូវ សេរីរ័ត្ន លោក ងួន វឌ្ឍនា លោក ងួន វឌ្ឍនៈ ព្រមទាំងអ្នកជំនួញជាច្រើនផ្សេងទៀត ដោយអ្នកទាំងអស់នោះ បានចូលហ៊ុនគ្នា សរុបជាដើមទុនទាំងអស់ជាច្រើនលានដុល្លារ។

តាមការឲ្យដឹងពីឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដោយសារតែទីផ្សារបញ្ចាំ គឺជាមុខជំនួញមួយដែលពេញនិយមខ្លាំងមិនថា នៅសម័យបច្ចុប្បន្ន ឬ ដូចជាសម័យមុន ទើបលោកសម្រេចបង្កើតមុខរបរនេះ បន្ថែម១មុខទៀតលើជំនួញដីធ្លី លំនៅឋាន ដែលលោកមានបច្ចុប្បន្ន ដោយការបង្កើតនេះ មិនមែនបែបការបើកហាងបញ្ចាំធម្មតាឡើយ គឺបើកជាក្រុមហ៊ុន ហើយមានច្រើនសាខាតែម្ដង។

ហាងបញ្ចាំខាងលើមានឈ្មោះថា” FTCASH express ” ដែលក្រុមហ៊ុន បញ្ចាំ ថ្មីមួយ ផ្ដល់សេវាកម្មលើការបញ្ចាំអចលនទ្រព្យដូចជា ផ្ទះ ដីធ្លី ប្លង់រឹង ក៏ដូចជាប្លង់ទន់ សម្ភារៈផ្សេងៗមានម៉ូតូឡានគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក ជាដើម ដោយក្នុងអត្រាការប្រាក់ទាប។

លោកឧកញ៉ាថា វត្តមានFTCASH express នឹងជួយសម្រួល ដល់តម្រូវការប្រាក់ របស់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកជំនួញ ដែលត្រូវការប្រាក់បន្ទាន់ រហ័ស យកទៅដោះស្រាយជីវភាពក៏ដូចជាវិនិយោគលើ មុខជំនួញរបស់ខ្លួនជាដើម។

ទោះបីជាម្ចាស់ភាគហ៊ុនឃើញថា សុទ្ធតែបុគ្គលល្បីៗចូលហ៊ុនបែបណាក្ដី លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលជាស្ថាបនិកនៃក្រុមហ៊ុនមួយនេះ មិនបានបង្ហាញទុនសរុប របស់ក្រុមហ៊ុនឲ្យដឹងឡើយ ព្រោះវាជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន ប៉ុន្តែលោកបានបង្ហើបថា ក្នុង១សាខា ក្រុមហ៊ុនត្រៀម ប្រាក់មិនក្រោម១លាន ដុល្លារ សម្រាប់ឲ្យដំណើរការឡើយ។

សាខាទី១គ្រោង បើកសម្ពោធនៅថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ នៅ ខណ្ឌសែនសុខ។ បន្ទាប់មក សាខាជាង១០ ផ្សេងទៀត តាមខណ្ឌនីមួយ ក្នុងរាជធានីភ្នំពេញ នឹងត្រូវសម្ពោធជាបន្តបន្ទាប់ ព្រមទាំង នៅតាមបណ្ដាខេត្តជាដើម៕












