ឧកញ៉ា សុខ ពិសិដ្ឋ មានយុទ្ធសាស្ត្រពិសេសមួយ ធ្វើឱ្យក្រុមហ៊ុនកាន់តែជោគជ័យ ទោះបីកូវីដ-១៩

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ពិសិដ្ឋ សហស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុប (Ggear Group) ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ ​​ធ្វើ​ឱ្យ​ក្រុមហ៊ុន​របស់​លោក មិន​ត្រឹម​តែ​​​មិន​រង​ផល​ប៉ះ​ពាល់​ដោយសារ​វិបត្តិ​​កូវីដ-១៩ រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ​នោះ​ទេ ​​ថែម​ទាំង​ជោគជ័យ​​​មួយ​កម្រិត​ថែម​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កម្មវិធីជួបជុំ​ដែល​មានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល បុគ្គលិក និងដៃគូ​អាជីវកម្ម របស់ក្រុមហ៊ុន ជីហ្គៀ គ្រុប ជិត ១ពាន់នាក់នាល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ ឧកញ៉ា សុខ ពិសិដ្ឋ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រពង្រឹង​កំលាំង​ស្មារតីនិយោជកក្រុមហ៊ុន ជីហ្គៀ គ្រុបដើម្បីភាពជោគជ័យ​គឺ “The Power of Re”។

លោកឧកញ៉ា សុខ ពិសិដ្ឋ បាន​ថ្លែងនៅក្នុងកម្មវិធី​ទៅកាន់បុគ្គលិក​ ក្រុមហ៊ុន ជីហ្គៀ គ្រុប​ថា​អំឡុង​ពេល​វិបត្តិកូវីដ-១៩ ជាង២ឆ្នាំកន្លងមកនេះ បានធ្វើអោយ ក្រុមហ៊ុនទទួលបាន​បទពិសោធន៍ថ្មី​ពោលគឺ​ជួបទាំង​បញ្ហាប្រឈម ដែលមិនធ្លាប់បានជួបពីមុនមក និងទទួលបានភាពរីកចម្រើនទន្ទឹមនឹងគ្នានោះផងដែរ។ លោកបានបន្ថែមថា ជាក់ស្តែង កាលពីឆ្នាំ២០១៩ បុគ្គលិករបស់ក្រុមហ៊ុនជីហ្គៀគ្រុបមានប្រមាណជាង ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នចំនួនបុគ្គលិក បានកើនឡើងរហូតដល់​ជាង ៨០០នាក់។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខ និងជំរុញឱ្យនិយោជកបង្កើនផលិតភាព​ក្នុងការបំពេញ​ការងារ​លោកឧកញ៉ាសុខ ពិសិដ្ឋ បាន​ប្រើប្រាស់ The Power of RE ដើម្បីជាការលើកទឹកចិត្ត​ចំពោះ​បុគ្គលិក​ធ្វើការពោរពេញដោយភាពជឿជាក់ និងទំនួលខុសត្រូវដូចខាងក្រោម​៖

១. Re-focus៖ ការផ្តោតសំខាន់ទៅលើចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន ហើយដឹកនាំ​ខ្លួនឯង​ទៅ​កាន់គោលដៅមួយ ដោយការខិតខំប្រឹងប្រែង។
២. Re-charge៖ ស្វែងរកហេតុផល និងកត្តាលើកទឹកចិត្តថ្មីមួយទៀត ដើម្បីឱ្យមានឥទ្ធិពល​ជំរុញខ្លួនឯង​និងបន្តគោលដៅទៅមុខទៀត។
៣. Re-engage៖ រួបរួមគ្នាពង្រឹងប្រាស្រ័យទាក់ទង សម្ព័ន្ធភាព និងត្រឡប់មកធ្វើការជុំគ្នាផ្ទាល់វិញ ដើម្បី​ពង្រឹងការទំនាក់ទំនង និងអនុវត្តការងារក្រុម។
៤. Re-novate៖ ត្រូវតែស្វែងយល់ពីបច្ចេកវិទ្យាដែលបង្កើតឡើងថ្មីៗ ព្រមទាំងទទួលយកការផ្លាស់ប្ដូរ ត្រូវ​ចេះបត់បែនតាមស្ថានភាពការងារ និងបរិស្ថានបែបថ្មីផ្សេងៗទៀត ដើម្បីឲ្យការងារ​ពោរពេញទៅដោយ​ភាព​ឆ្នៃប្រឌិត។

លោកឧកញ៉ា សុខ ពិសិដ្ឋ​ ក៏​បាន​​ឱ្យ​ដឹង​តាម​រយៈ​​ទំព័រ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ផង​ដែរ​​ថា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានបង្កើតឡើងជាង ១០ឆ្នាំ ហើយប្អូនៗអាចមើលឃើញ​ថារាល់ការរៀបចំរចនា​សម្ព័ន្ធ​ការងារ ការវិនិ​យោគទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងជំនាញទន់ និងជំនាញរឹងទាំងឡាយ ដូចជា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការរៀបចំ សាខាក្រុមហ៊ុនទាំងខេត្ត ក្រុងទាំងអស់ រួមទាំងការបំពេញ​កាតព្វ​កិច្ចច្បាប់​អោយបាន​ពេញលេញ គឺសំរាប់ត្រៀមការវិនិយោគរយៈពេលវែង និងផ្ដល់ឱកាសអោយយុវជន​ជំនាន់ក្រោយអាច​បញ្ចេញ​ស្នាដៃ​របស់ពួកគេដោយមោទនភាព និងភាពជឿជាក់។

ក្រុមហ៊ុនជីហ្គៀគ្រុប គឺជាដៃគូផ្ដាច់មុខនៃជណ្ដើរយន្ត Hyundai Elevator ប្រព័ន្ធចំណតរថយន្ត AJ ហើយ​ក៏ជាអ្នកផ្គត់ផ្គង់ធំបំផុត​នូវផលិតផលអេឡិចត្រូនិច LG នៅប្រទេសកម្ពុជា ដែលបានបង្កើតឡើង​នៅក្នុងឆ្នាំ ២០១១ ។ ក្រុមហ៊ុន​ផ្ដល់ជូននូវឧបករណ៍អេឡិចត្រូនិចគ្រប់សណ្ឋានចាប់តាំងពី ឧបករណ៍​កម្សាន្ត និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ ដូចជាម៉ាស៊ីនត្រជាក់គ្រប់ប្រភេទជាដើម។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ ១៧ សាខានៅក្នុងប្រទេសកម្ពុជាដូចជា៖ ១.សាខាព្រះមុនីវង្ស ២.សែនសុខ ៣.ផ្សារដើមគោរ ៤.ស្ទឹងមានជ័យ ៥.ទួលគោក ៦.ក្រុងតាខ្មៅ ៧.​ខេត្ត​សៀមរាប ៨.ខេត្ត​បាត់ដំបង ៩.ខេត្ត​កំពង់ចាម ១០.ក្រុងព្រះសីហនុ ១១.ខេត្តកំពត ១២.ខេត្ត​កំពង់ធំ ១៣.ខេត្ត​កំពង់ស្ពឺ ១៤.ខេត្ត​តាកែវ ១៥.ខេត្ត​ស្ទឹងត្រែង ១៦.​ខេត្តស្វាយរៀង និង ១៧.ក្រុងសួង៕