បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានសរសើរចំពោះភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប ចំពោះរបៀបរបបគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុនរបស់លោក ដែលស្ទើរតែគ្មាននរណាម្នាក់អាចធ្វើដូចបាន។
លោកបណ្ឌិត តាន់ មុនីវណ្ណ ដែលជាកូនប្រសាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងក្នុងកម្មវិធី Annual Big Event កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ថា លោកចាត់ទុកអ្នកឧកញ៉ា លី ហួរ ជានិមិត្តរូប (Role Model) ម្នាក់ សម្រាប់លោក។ លោកបណ្ឌិត បន្តថា ពេលដែលបុគ្គលិកល្អលាឈប់ អ្នកឧកញ៉ា លី ហួរ បែជាជប់លៀងឱ្យ និងជូនផ្ទះមួយល្វែងថែមទៀត ដែលចំណុចនេះ សូម្បីលោកក៏ធ្វើមិនបានដែរ។
“ខ្ញុំចាត់ទុកអ្នកឧកញ៉ា លី ហួរ ជា Role Model ម្នាក់។ ពេលដែលបុគ្គលិកល្អរបស់គាត់កាន់ផ្នែកហិរញ្ញវត្ថុលាឈប់ គាត់ជប់លៀងឱ្យ គាត់ផ្តាំថា ប្អូនពេលប្អូនចេញទៅកន្លែងផ្សេង ប្អូនត្រូវធ្វើឱ្យបានល្អជាងនេះទៀត។ ចំណុចនេះ ខ្ញុំចង់ស្រក់ទឹកភ្នែក ខ្ញុំមិនដែលជួបថ្នាក់ដឹកនាំណា ធ្វើល្អបែបនេះទេ សូម្បីខ្ញុំក៏ធ្វើមិនបានដែរ ព្រោះនៅពេលបុគ្គលិកល្អចេញ យើងភាគច្រើនតែងតែខឹង ឬអន់ចិត្ត។ លោកបន្តថា ប្អូនចេញទៅ ត្រូវធ្វើឱ្យល្អជាងនេះទៀត បើប្អូនធ្វើល្អ នោះជាកិត្តិយសរបស់ក្រុមហ៊ុន លី ហួរ ព្រោះបានបណ្តុះបណ្តាលមនុស្សបានល្អ។ លើសពីនោះ គាត់បានហៅកូនស្រីគាត់..សុភារី (ឧកញ៉ា លី សុភារី) កូនយកសោរផ្ទះមក..គាត់ឱ្យផ្ទះមួយល្វែងថែមទៀត ជាង១០ម៉ឺនដុល្លារ។ ពិតជាអស្ចារ្យណាស់ ខ្ញុំពិតជាមិនដែលធ្លាប់ជួបមែន”។ បណ្ឌិត តាន់ មុនីវណ្ណ បានបន្ថែម។
ទង្វើខាងលើនេះ បណ្ឌិត តាន់ មុនីវណ្ណ យល់ថានេះហើយ ដែលហៅថា “ទុកទៅ..កំពង់នៅ”។ នេះហើយជាចំណុចដែលយើងគួរធ្វើតាម បានន័យថា ទង្វើរបស់ថ្នាក់ដឹកនាំរបៀបនេះ គឺធ្វើឱ្យអ្នកដែលនៅជាមួយក្រុមហ៊ុនបន្ត គឺកាន់តែមានជំនឿចិត្តលើថ្នាក់ដឹកនាំមួយកម្រិតថែមទៀត ហើយចំណុចនេះ ក៏ជាចំណុចដែលលោករៀនសូត្រតាម។
សូមជម្រាបជូនថា អ្នកឧកញ៉ា លី ហួរ ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដែលកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោងនៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់ទិញរថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ, ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពីអាហ្គ្រូ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី និងធនាគារ SBI លី ហួរ ជាដើម៕