នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development បានប្រារព្វពិធីបើកសម្ពោធការិយាល័យបុរីដោនថោន និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងបុរីដោនថោន និងផ្សារទំនើបដោនថោន រួមទាំងភូមិគ្រឹះលោកជំទាវ ខុង លីស៊ីអាណា ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាល ឃួង ស្រេង។

លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់គម្រោងបុរីដោនថោននេះនឹងមានការសាងសង់ផ្ទះបុរី ផ្ទះអាជីវកម្ម ផ្សារទំនើប ភូមិគ្រឹះ វីឡាភ្លោះ វីឡាឃ្វីន នៅលើផ្ទៃដីសរុប៣ហិកតា ស្ថិតតាមបណ្ដោយមហាវិថី២០០៤ ដែលជាទីតាំងដ៏ល្អសម្រាប់អថិតិជន។ លោកបន្តថា ក្នុងកិច្ចការសាងសង់បុរីដោនថោននេះ គឺមានការគិតគូររៀបចំយ៉ាងហ្មត់ចង់ស្របតាមស្ដង់ដាអន្តរជាតិ ដែលធានាបាននូវគុណភាព សោភ័ណភាព ភាពស៉ីវិល័យ មិនចាញ់បណ្ដាប្រទេសដទៃឡើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនលោកក៏ធានាលើការការពារសន្តិភាព សុវត្ថិភាព ផ្ដល់ជូននូវភាពសម្បូរបែបក្នុងការរស់នៅ និងទំនុកចិត្តពីអតិថិជន។ ការសាងសង់បុរីនេះដែរ គឺដកស្រង់បទពិសោធន៍ រចនាបទពិសេសៗ ដែលប្រកបដោយភាពទំនើបទៅតាមសម័យកាល ប៉ុន្តែការងារទាំងឡាយគឺរចនាដោយអ្នកជំនាញជនជាតិខ្មែរ ស្នាដៃកូនខ្មែរយ៉ាងចំណាន។


សូមជម្រាបជូនថា លោក ដួង ឆាយ ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែលធ្លាប់បានទទួលគោរមងារ “ឧកញ៉ា” កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែក្រោយមានរឿងអាស្រូវមួយចំនួនក្នុងគ្រួសារ លោកក៏ត្រូវបានប្រមុខរដ្ឋស្តីទី ទូលថ្វាយសំណើទៅព្រះមហាក្សត្រ សុំបញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ទោះយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ដួង ឆាយ តែងតែទទួលបានការកោតសរសើរពីសាធារណជនលើបណ្តាញសង្គម ដោយសារលោកតែងតែចេញមុខជួយដល់សង្គម ជាពិសេសជនក្រីក្រមានទុក្ខលំបាក និងកុមារកំព្រាជាដើម៕


