ក្រៅពីការគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងបញ្ហា មនុស្សគប្បីចេះគ្រប់គ្រងខ្លួនឯងផងដែរ។ មនុស្សខ្លះចូលចិត្តគ្រប់គ្រងចិត្តគេ ហាមឃាត់គេ ណែនាំគេ ប្រាប់ឱ្យគេចេះគ្រប់គ្រងចិត្ត គ្រប់គ្រងអារម្មណ៍ ប៉ុន្តែ មិនចូលចិត្តគ្រប់គ្រងចិត្ត ឬអារម្មណ៍ខ្លួនឯងឡើយ។
ពេលខ្លះ
ប្រាប់គេថា កុំឱ្យឆេវឆាវ
តែខ្លួនឯងឆេវឆាវ។ ប្រាប់ឱ្យគេអត់ធ្មត់
ហ្មត់ចត់ និងតស៊ូចំពោះការងារ
តែខ្លួនឯង មិនអត់ធ្មត់
មិនតស៊ូចំពោះការងារ។ ពេលខ្លះ
ប្រាប់កុំឱ្យគេប្រើអំពើហិង្សា
កុំឱ្យគេគាបសង្កត់
ឬដាក់គំនាបអ្នកដទៃ តែខ្លួនឯង
ចូលចិត្តដាក់គំនាប
និងប្រើហិង្សាលើអ្នកដទៃ។
ការគ្រប់គ្រងអាជីវកម្ម
ការគ្រប់គ្រងការងារ
ការគ្រប់គ្រងអ្នកដទៃ
ជារឿងងាយស្រួល ប៉ុន្តែការគ្រប់គ្រងខ្លួនឯង
គឺជារឿងដ៏ស្មុគស្មាញ
និងលំបាកបំផុត។
តាមទ្រឹស្តី
នៃការរំងាប់អារម្មណ៍
ដើម្បីកាត់បន្ថយអំពើហិង្សានិយាយថា
នៅពេលមានអារម្មណ៍ក្រោធ
មនុស្សតែងតែឆេវឆាវ ឆាប់ច្រឡោតខឹង។
ប្រសិនបើយើងមិនអាចគ្រប់គ្រង
ឬរំងាប់អារម្មណ៍ក្រោធបានភ្លាមៗទេ
អំពើហិង្សានឹងកើតឡើង។
នៅទីនេះក៏ដូចគ្នា បើគ្រប់គ្រងខ្លួនឯងកុំឱ្យឆេវឆាវ កុំឱ្យខ្ជះខ្ជាយថវិកា ពេលវេលា កុំឱ្យខ្ជីខ្ជាពេលបំពេញការងារ មិនបានទេ នោះបញ្ហានឹងកើតឡើងដូចគ្នា។
ដូច្នេះ ការគ្រប់គ្រងចិត្តខ្លួនឯង គឺជារឿងពិបាកបំផុត ព្រោះសូម្បីពេលខ្លះ យើងសន្យាចំពោះខ្លួនឯងថា នឹងឈប់ចាយលុយផ្តេសផ្តាស នឹងឈប់ដើរលេងឥតប្រយោជន៍ ឬថា នឹងធ្វើកិច្ចការណាមួយ ឱ្យបានរួចរាល់មុនផែនការ តែធ្វើមិនបាន។
ប៉ុន្តែ ផ្ទុយមកវិញ ប្រសិនបើយើងធ្វើបាន នោះអ្វីៗពិតជាល្អខ្លាំងណាស់នឹងធ្វើឱ្យយើងជោគជ័យផងដែរ។ ចូរសាកល្បងគ្រប់គ្រងខ្លួនឯងឱ្យបាន ដើម្បីភាពជោគជ័យរបស់យើង។
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី