អ្នកឧកញ៉ា គិត ម៉េង ចែករំលែកក្បួន ២១ថ្ងៃ ដើម្បីផ្លាស់ប្តូរទម្លាប់បង្កើតជោគជ័យ

ជុំវិញ​ឧកញ៉ា

ប្រហែលមានមនុស្សច្រើនដែលធ្លាប់បានសន្យានឹងខ្លួនឯងថា នឹងផ្លាស់ប្តូរសកម្មភាពរបស់ខ្លួននៅតាមឆ្នាំនិមួយៗ ទៅលើចំណុចគន្លឹះណាមួយ ប៉ុន្តែនៅតែមិនបានផ្លាស់ប្តូរបាន។ ទាក់ទងការសន្យាថានឹងការផ្លាស់ប្តូរនេះ អ្នកឧកញ៉ា គិត ម៉េង បានណែនាំពីវិធីបំបាត់ទម្លាប់ទាំងនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ្នកឧកញ៉ា គិត ម៉េង ដើម្បីកែទម្លាប់អាក្រក់ គន្លឹះដ៏សាមញ្ញដែលអ្នកឧកញ៉ា អាចចែករំលែក ពីបទពិសោធន៍ផ្ទាល់ខ្លួន គឺត្រូវអនុវត្តតាម រូបមន្ត ២១/៩០ ដែលត្រូវបានរកឃើញ តាំងពីឆ្នាំ១៩៦០។

អ្នកឧកញ៉ាថា ក្បួន ២១/៩០ បានចែងថា យើងត្រូវការពេល២១ថ្ងៃនៃការធ្វើអ្វីមួយឱ្យជាប់លាប់ មុនពេលវាក្លាយជាទម្លាប់ និង ៩០ថ្ងៃដើម្បីធ្វើឱ្យវាផ្លាស់ប្តូរបៀបរស់នៅអចិន្ត្រៃយ៍។ ២១ថ្ងៃនៃការបង្កើតទម្លាប់អានឱ្យច្រើន។ ២១ថ្ងៃដែលមិនមានការត្អូញត្អែរ។ ២១ថ្ងៃនៃការហាត់ប្រាណឱ្យបានទៀងទាត់។

បន្ថែមទៅទៀត គឺ ២១ថ្ងៃនៃការកាត់បន្ថយ ការទទួលទានជាតិស្ករ។ ២១ថ្ងៃនៃការយកចិត្តទុកដាក់លើការងារ ដោយមិនពន្យារពេល ឬទុកដល់ថ្ងៃស្អែក។ អាចមានទម្លាប់មួយចំនួនផ្សេងទៀត ដែលចង់ផ្លាស់ប្តូរ ក្នុងឆ្នាំថ្មី។

អ្នកឧកញ៉ាប្រាក់ពាន់លានរូបនេះ បានសង្កត់ធ្ងន់ទៅលើការកំណត់គោលដៅ បង្កើតផែនការ ផ្ដោតចិត្តគំនិត ប្តេជ្ញាចិត្ត និងអនុវត្តទម្លាប់នោះឱ្យបានជាប់លាប់។ អ្វីដែលអ្នកត្រូវការនោះគឺ ២១ថ្ងៃនៃការលះបង់ទម្លាប់ មិនល្អ ហើយប្តេជ្ញាចិត្ត ក្នុងការចាប់យកទម្លាប់ល្អ។ សូមចាប់ផ្តើមឥឡូវនេះ៕