យុវជន យុវនារី សិស្ស និស្សិតជាង ៥០០នាក់ បានចូលរួមសិក្ខាសាលាអចលនទ្រព្យស្តីពី “ស្ថានភាពនៃការវិនិយោគ ផ្ទះ ដីឡូត៍ ដីតាមបណ្តាខេត្ត ដីក្នុងក្រុងភ្នំពេញ និងដីហិកតាៗជាយក្រុងភ្នំពេញ” នៅក្រុងកំពង់ឆ្នាំង នាថ្ងៃអាទិត្យ ទី២១ ខែសីហានេះ ក្រោមវត្តមានឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល។
ថ្លែងបើកកម្មវិធីនៅចំពោះមុខសិក្ខាកាមជាង ៥០០នាក់ នាព្រឹកនេះ ឧកញ៉ា សំ សុខនឿន បានថ្លែងថា វិស័យអចលនទ្រព្យនៅកម្ពុជាបាននឹងកំពុងដើរវិវត្តន៍ទៅមុខ ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន។ លោកថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជារីកចម្រើនបែបនេះ ជាទឡ្ហីករណ៍មួយដែលតម្រូវឲ្យអ្នកវិនិយោគត្រូវតែពង្រឹងចំណេះដឹង បទពិសោធន៍ និងអាជីពរបស់ខ្លួនបន្ថែម។ ពិសេសសម្រាប់យុវជនជំនាន់ក្រោយ ត្រូវពង្រឹងជំនាញជាចំបាច់។
លោកឧកញ៉ាថ្លែងបន្ថែមថា គោលបំណងនៃសិក្ខាសាលានេះ ដើម្បីបណ្តុះបណ្តាលយុវជនឲ្យក្លាយជាអ្នកវិនិយោគអាជីព ជ្រើសរើសទីតាំងវិនិយោគ ដើម្បីទទួលប្រាក់ចំណេញ។
សូមជម្រាបថា សិក្ខាសាលានេះ រៀបចំដោយសមាគមអចលនទ្រព្យសកល (GRA) រយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារ សុខថៃសាន ក្រុងកំពង់ឆ្នាំង។
ក្រៅពីអ្នកជំនាញអចលនទ្រព្យវ័យក្មេង មានបទពិសោធន៍ជោគជាំក្នុងវិស័យនេះ ឧកញ៉ា សំ សុខនឿន ក៏មានការចូលរួមចែករំលែកពីវាគ្មិនកិត្តិយស ចំនួន ៤រូបន្ថែមទៀត រួមមាន៖ លោក ហ៊ាន រតនៈ ប្រធានសមាគមអចនលទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយកនៃក្រុមហ៊ុន ONE WORLD ROYAL, លោក សំ សុក្ខៈ ប្រធានសមាគមអចលនទ្រព្យសកលខេត្តកំពង់ឆ្នាំង និងជាអគ្គនាយកសាលាភាសាកូរ៉េ អាយឌៀ, លោក អ៊ិន ដារ៉ា៖ ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយកនៃក្រុមហ៊ុន KW BATTAMBANG និង លោក ថន ស៊ីមុត ជាអនុប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ និងជាអគ្គនាយកនៃក្រុមហ៊ុន GREEN WORLD REALTY INVESTMENT ៕