ផ្តើមចេញរកស៊ីជាអ្នកលក់អំបោះហុង ជាមួយក្តីសុបិនខ្ពស់ ព្រមទាំងមិនបោះបង់ការខិតខំប្រឹងប្រែង និងសេចក្តីព្យាយាម តស៊ូរហូតជោគជ័យបង្កើតក្រុមហ៊ុន Vattanac Capital Group តម្លៃពាន់លានដុល្លារ។ សមិទ្ធផលដ៏ធំមហិមានេះ គឺកើតចេញពីញើសឈាមប្តីប្រពន្ធខ្មែរមួយគូរ គឺអ្នកឧកញ៉ា ឈុន លាង ត្រូវជាប្រពន្ធ និងអ្នកឧកញ៉ា សំ អាង ជាស្វាមី។

បច្ចុប្បន្ននេះ អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ជាសហគ្រិនជើងចាស់នៅស្រុកខ្មែរ ដែលជោគជ័យក្នុងវិថីជំនួញរាប់ទស្សវត្សរ៍ តាមរយៈក្រុមហ៊ុន វឌ្ឍនៈ គ្រុប វិនិយោគក្នុងពហុវិស័យ ខណៈធនាគារ អចលនទ្រព្យ និងសំណង់ មានភាពលេចធ្លោជាងគេបំផុត។
ឈ្មោះក្រុមហ៊ុន វឌ្ឍនៈ ត្រូវបានមហាសេដ្ឋីមួយគូរនេះ សម្រេចយកតាមឈ្មោះកូនប្រុស គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ មកដាក់ជានាមករណ៍នៃមុខជំនួញ “វឌ្ឍនៈ គ្រុប” ។
អ្នកឧកញ៉ា សំ អាង វឌ្ឍនៈ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងបានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្ម ធនាគារនៅធនាគារ Allied Irish ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៥។ លោកចូលកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន វឌ្ឍនៈ អចលនទ្រព្យ លីមីតធីត កាលពីឆ្នាំ ២០០៧ និងគ្រប់គ្រងអាគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល។

នាមករណ៍ វឌ្ឍនៈ ក៏ប្រហែលជាមហាសេដ្ឋីកម្ពុជាមួយគូរនេះ ដាក់បូកបញ្ចូលឈ្មោះអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈកាពីតាល (Vattanac Capital) កណ្តាលក្រុងភ្នំពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលប្រើប្រាស់ទុនវិនិយោគចំនួន ២៥០លានដុល្លារ ផងដែរ។


បន្ថែមទៅទៀត នៅមានសម្ព័ន្ធក្រុមហ៊ុនគ្រាក់ៗមួយចំនួន ក៏ប្រើប្រាស់នាមករណ៍ ឬឈ្មោះកូនប្រុស ជាឈ្មោះក្រុមហ៊ុន ដូចជា ធនាគារ វឌ្ឍនៈ បើកដំណើរការអាជីវកម្មនៅឆ្នាំ២០០២, ក្រុមហ៊ុន Vattanac Properties បង្កើតឡើងក្នុងឆ្នាំ២០០៥, សួនឧស្សាហកម្ម វឌ្ឍនៈ ១ និង ២ ចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០០៣, ក្រុមហ៊ុន Vattanac Investment វិនិយោគក្នុងឆ្នាំ ២០១៣, ក្រុមហ៊ុន Vattanac F&B ប្រតិបត្តិការតាំងពីឆ្នាំ ២០១៣។
លើសពីនេះ អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង កាលពីឆ្នាំ២០២០កន្លងទៅ ក៏បោះជំហ៊ានចូលក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរថ្មីមួយ មានឈ្មោះ “VATTANAC BREWERY CO., LTD.” លើផ្ទៃដី ១០០០ហិកតា ជាមួយទំហំទុនវិនិយោគប្រមាណ ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕