ពីព្រៃស្រល់ គិរីរម្យ ស្ថាបនិកក្រុមហ៊ុន វីរៈ ប៊ុនថាំ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបង្ហោះសារ និងរូបភាពនៅពីមុខគំនរសំរាម ដែលអ្នកទៅកម្សាន្តនៅតំបន់រមណីយដ្ឋាន ជ្រោះសុភមង្គល សរសរស្តុក (រីសត ឯកជន) ខ្វះការយកចិត្តទុកដាក់ ខណៈដែលលោកបាននឹងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ និងរៀបចំតំបន់នោះឱ្យកាន់តែស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន។

យោង តាម ការ បង្ហោះសារ លើ គណនី Facebook ផ្លូវការ របស់ លោក ផ្ទាល់ គឺ មាន បំណង ចង់ ឲ្យ ភ្ញៀវដែល បាន មក ចូល កំសាន្ត នៅ រីសត របស់ លោក ទាំងអស់ មេត្តា យក សំរាម ទៅ ចោល នៅ កន្លែង ដែល បាន ត្រៀម មិនមែន ចោល ពាសវាលពាសកាល ឡើយ។


“សូមបងប្អូនដែលមកកំសាន្តគិរីរម្យ ត្រង់ចំណុច ជ្រោះសុភមង្គល សរសរស្តុក មេត្តាយោគយល់នាំយកសំរាមផ្ទាល់ខ្លួន យកទៅដាក់តាមទីតាំងសំរាមដែលបានកំណត់ដោយអនុគ្រោះ។ ខ្ញុំបាទពុំមានចេតនាហាមឃាត់ការចូលលេងកំសាន្ត រឺបោះតង់ស្នាក់នៅនោះឡើយ តែខ្ញុំនឹងមានគោលការណ៏ អនុញ្ញាតឲចូលបាន តែពេលចេញមកវិញ តម្រូវឲនាំយកសំរាមផ្ទាល់ខ្លួនមកវិញទើបអាចចេញបានដោយមិនគិតកម្រៃឡើយ។ដោយសង្កេតឃើញថា ចាប់តាំងពីខ្ញុំបាទបានកសាងផ្លូវ6km ចូលដល់ទីតាំងកំសាន្តមក ប្រជាពលរដ្ធជាច្រើនតែងតែចូលកំសាន្ត ខ្លះបោះតង់ស្នាក់នៅ ហើយចោលសំរាមគ្រប់ទិសទី ដែលពិបាកសម្រាប់ក្រុមការងារក្នុងការសំអាត ដូច្នេះសង្ឃឹមថាបងប្អូនមេត្តាយោគយល់ និងចូលរួមការពារ សម្អាតបរិស្ថានទាំងអស់គ្នា”។ នេះបើតាម ខ្លឹមសារ បង្ហោះ ដោយស្ថាបនិក ក្រុមហ៊ុន វីរៈប៊ុនថាំ ឧកញ៉ា សួរ វីរៈ ។


គួរបញ្ជាក់ថា លោកឧកញ៉ា សួរ វីរៈ បច្ចុប្បន្ន ក្រៅពីក្រុមហ៊ុនវីរប៊ុនថាំ ផ្ដល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ បញ្ញើរហ័ស និងសេវាកម្មទេសចរណ៍ លោកក៏មាន រីសត ជាច្រើនកន្លែង ដែលកន្លែងខ្លះបានបើកដំណើរការស្វាគមន៍ភ្ញៀវ ហើយខ្លះទៀតក៏កំពុងសម្រុកអភិវឌ្ឍន៍យ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។


អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅកម្សាន្តដល់តំបន់រមណីយដ្ឋាន គីរីរម្យ ត្រង់ចំណុច ជ្រោះសុភមង្គល សរសរស្តុក មេត្តាយោគយល់ និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាយើង!




