សមាគមអ្នកសាងសង់កម្ពុជា ហៅកាត់ជាសាភាអង់គ្លេសថា CCA របស់អ្នកឧកញ៉ា ពុង ឃាវសែ បានសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។
បើតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។
សូមជម្រាបថា CCA គឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០ ក្រុមហ៊ុននិងស្ថាប័ន។ ជារៀងរាល់ឆ្នាំ CCA ក៏បានរៀបចំការតាំងពិព័រណ៍សំណង់ធំបំបំផុនៅកម្ពុជា ដោយបង្ហាញផលិតផលរាប់ពាន់មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ របស់អ្នកឧកញ៉ា ពុង ឃាវសែ៕