បុគ្គលិកត្រូវគេចាត់ទុកថា ជាធនធានកម្រក្នុងចំណោមធនធានដទៃទៀត នៃការធ្វើអាជីវកម្ម ឬជំនួញ។ បុគ្គលិកក៏ជាអ្នកធ្វើឱ្យអាជីវកម្មធ្លាក់ទឹក និងជោគជ័យដែរ ដូច្នេះការជ្រើសរើសបុគ្គលិក គឺជារឿងសំខាន់បំផុត ហើយដើម្បីជ្រើសរើសបុគ្គលិកបានល្អ យើងគប្បីជ្រើសរើសរកបុគ្គល ឬបេក្ខជនណាដែលចេះត្រឹម៥ តែអាចធ្វើការឱ្យយើងបាន១០ និងកុំយកបេក្ខជន ឬបុគ្គលិក ដែលចេះ១០ តែធ្វើការបានតែ៥។
បុគ្គលិកមានចំណេះដឹងប្រាំធ្វើបានដប់ គឺយើងនឹងងាយគ្រប់គ្រង ងាយដឹកនាំ ព្រោះយើងអាចដុះខាត់ ផ្តល់ចំណេះបន្ថែមដល់គាត់ ឱ្យដល់ដប់បាន។ មានន័យថា មនុស្សយើងបណ្ដុះបាន បង្រៀនបាន។ យកអ្នកចេះប្រាំមកធ្វើបានដប់ គឺប្រសើរជាងអ្នកចេះដប់ធ្វើការបានតែប្រាំ និងភាពចាំបាច់មួយទៀត ត្រូវសង្កេតមើលផងដែរថា តើបុគ្គលនោះ ពិតជាមានចេតនា មានឆន្ទៈខ្ពស់ និងស្មោះត្រង់ ហ៊ានលះបង់ខ្ពស់ ក្នុងការមកបំពេញការងារនៅក្រុមហ៊ុនយើងឬទេ?
ហេតុនេះខ្ញុំផ្តល់យោបល់ថា ការជ្រើសរើសបុគ្គលិក មិនគួរផ្តោតតែលើសញ្ញាបត្រខ្លាំងពេកនោះទេ តែត្រូវមើលទៅលើឥរិយាបថ អាកប្បកិរិយា មារយាទ និងជំនាញ បទពិសោធជាសំខាន់ផងដែរ។
ចំណុចសំខាន់មួយទៀត គឺការសម្ភាសបុគ្គលិក មិនអាចសម្ភាសតាមខ្សែរយៈបក្សពួកទេ គឺត្រូវសម្ភាសតាមលក្ខខណ្ឌបច្ចេកទេស និងក្រឹត្យក្រមការងារ អាកប្បកិរិយា មារយាទ និងចំណេះដឹងប្រកបដោយតម្លាភាពទៅតាមសមត្ថភាព។ ការសម្ភាសបែបនេះ គឺដើម្បីចម្រាញ់រកអ្នកដែលមានសមត្ថភាពពិតប្រាកដ មិនមែនសម្ភាសយកអ្នកចេះក្លែងក្លាយមកធ្វើការទេ។
ខ្ញុំនៅតែជឿថា ការជ្រើសរើសបុគ្គលិក ការជ្រើសរើសធនធានមនុស្សជារឿងសំខាន់ ដូច្នេះ យើងត្រូវរកអ្នកមានជំនាញច្បាស់លាស់ មានចំណេះដឹងពិតប្រាកដ និងមានចរិតលក្ខណៈ ទន់ភ្លន់ទៅតាមតម្រូវការទីផ្សារ។
តាមបទពិសោធរបស់ខ្ញុំ ក្រុមហ៊ុនមួយចំនួន បានចាត់ទុកបុគ្គលិកថា ជាបុគ្គលមួយក្រុម ឬមួយរូប ដែលអាចផ្លាស់ប្ដូរបាន និងងាយស្រួលរក។ ខ្ញុំយល់ស្របចំពោះចំណុចនេះ ព្រោះថាបើយើងមានលុយបុគ្គលិកពិតជាស្រួលរកមែនហើយ ប៉ុន្តែបុគ្គលិកពូកែ និងបុគ្គលិកល្អ គឺពិបាករក។
ដូច្នេះ ដំបូងបំផុត យើងត្រូវយកបុគ្គល ណា ដែលមានជំនាញពិតប្រាកដ និងមានឥរិយាបថល្អ ទាំងការដេក ដើរ ឈរ អង្គុយ និងការនិយាយស្តីជាដើម។
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី