ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ប្រជាជនកម្ពុជាត្រូវចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទំនើប ដោយប្រើប្រាស់គ្រឿងចក្រទំនើបៗជាជំនួយ ដើម្បីជាជន្ទល់សម្រាប់សេដ្ឋកិច្ចរបស់ជាតិទាំងមូល ក្រោយវិបត្តិកូវីដ-១៩។
អគ្គនាយកក្រុមហ៊ុន Heng Mean Investment Group និង An Mady Group រូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ “វិស័យកសិកម្មត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព និងជាជន្ទល់សេដ្ឋកិច្ចជាតិ ក្រោយបរិបទកូវីដ-១៩ ដូច្នេះយើងត្រូវចូលរួមអភិវឌ្ឍ កសិកម្ម កសិ-ឧស្សាហកម្មទំនើបនៅកម្ពុជាយើង (តំបន់អភិវឌ្ឍន៍នៅ ខេត្ត ព្រះវិហារ)”។
សូមបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យមួយដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាព និងបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ ផលិតកម្មដំណាំស្រូវរដូវវស្សា ការប្រមូលស្រូវស្រាល ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លើសពីនេះ រយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាក៏បាននាំចេញផលិតផលកសិកម្មមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិដូចជា ការនាំចេញអង្ករ ការនាំចេញស្រូវ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ផងដែរ។ រយៈពេល៧ខែ ឆ្នាំនេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ៩០៨ ០០៨,៦០ តោន កើនឡើង ១៣,៨៥% បើធៀបនឹងរយៈពេល៧ខែ ឆ្នាំ២០២១ ដែលផលិតផលទាំងនោះមានដូចជា ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទីឆៅ គ្រាប់ស្វាយចន្ទីកែច្នៃ គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ និងផលិតផលចំនួន ៧៣មុខផ្សេងទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖