អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាកូនបង្កើតអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ដែលកាន់កាប់សណ្ឋាគារ Rosewood Phnom Penh នៅលើកំពូលអគារវឌ្ឍនៈកាពីតាល ជាសណ្ឋាគារលំដាប់ផ្កាយ ៥ នៅកម្ពុជា។

អ្នកជំនួញវ័យក្មេង ដែលស្ពាយសញ្ញាបត្រ Master ផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Oxford និងសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារ នៅធនាគារ Allied Irish ចក្រភពអង់គ្លេស រូបនេះ ទទួលបានគោរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យ លេខ នស/រកត/០២១៨/១៣៥ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ហើយរយៈពេល ៣ឆ្នាំក្រោយមកលោកក៏ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ដល់គោរមងារដល់ជា «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/១២២០/១៤១៤ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងព្រះរាជក្រឹត្យត្រាប់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ក៏ត្រូវបានផ្តល់ជូនដល់ឧកញ៉ាជើងចាស់ ម្ចាស់សហគ្រាសគ្រាក់ៗធំចំនួន ៥រូបផងដែរ ក្នុងនោះក៏មានមាតាបិតារបស់អ្នកឧកញ៉ា គឺអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង រួមទាំងជាមួយ អ្នកឧកញ៉ា លី ហួរ អ្នកឧកញ៉ា សៀ ឫទ្ធី អ្នកឧកញ៉ា ហូលិក តាន់ឌីងហ្សូណូ ដែលសុទ្ធតែជាកំពូលសហគ្រិនឆ្នើមៗនៅកម្ពុជា។

គួររម្លឹកបន្តិចថា បច្ចុប្បន្ន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ កំពុងគ្រប់គ្រងនិងដឹកនាំដោយផ្ទាល់ទៅសាជីវកម្មមួយចំនួនក្នុងសម្ព័ន្ធក្រុមហ៊ុន វឌ្ឍនៈ គ្រុប ដូចជា ធនាគារ វឌ្ឍនៈ, រោងចក្រផលិតស្រាបៀរ វឌ្ឍនៈ ប្រូវើរី, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក និងសណ្ឋាគារ Rosewood Phnom Penh៕