លោក ដួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០០០ ដុល្លារ ដល់ម្ចាស់ពាន Cambodian Idol លីម តិចម៉េង ព្រោះលោកស្គាល់ផ្ទះ និងគ្រួសាររបស់យុវជនរូបនេះច្បាស់ ដែលមានជីវប្រវត្តិកម្សត់ ខិតខំតស៊ូពីក្មេងគង្វាល។

ម្ចាស់បុរី ដោនថោន ផ្លូវ២០០៤រូបនេះ បានបង្ហោះសារលើបណ្តាញសង្គម កាលពីយប់មិញថា លោកនឹងឧបត្ថម្ភថវិកា ១០០០ដុល្លារ ជូនដល់ លីម តិចម៉េង ដែលជាអ្នក បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជីវប្រវត្តិកំសត់ជាក្មេងគង្វាល និងមានការតស៊ូ។ លើសពីនេះ លោកក៏ស្គាល់ផ្ទះ និងគ្រួសាររបស់តិចម៉េង ដោយសារលោកធ្លាប់ជាអនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំបុសខ្នុរ។

សូមបញ្ជាក់ថា ការប្រកួតប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញនេះ បេក្ខជន លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម បានទទួលបានជ័យលាភី ក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បន្ទាប់ពីបង្ហាញសមត្ថភាពដ៏អស្ចារ្យ ទាំងសម្លេង និងអាកប្បកិរិយា ធ្វើឱ្យគណៈកម្មការទាំង៤ អ្នកទស្សនាផ្ទាល់ និងអ្នកទស្សនាតាមការផ្សាយផ្ទាល់ ពេញចិត្ត អាណិតស្រឡាញ់ និងបានបោះឆ្នោតជូនយ៉ាងច្រើន ដោយគិតថា បេក្ខជនរូបនេះ ពិតជាស័ក្តិសមនឹងពាក្យថា “Idol”៕