ឧកញ៉ា ផន វណ្ណិត អ្នកជំនាញអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា យល់ឃើញថា បច្ចុប្បន្ននេះប្រទេសចិន បានវ៉ាដាច់ កូរ៉េ ជប៉ុន ថៃ មកឈរតំណែងកំពូល នាំមុខគេក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

លោកបន្តថា ប្រទេសជាមិត្តដែលកម្ពុជាតែងតែនិយមហៅថា មិត្តដែកថែប គឺប្រទេសចិន ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងលើសកលលោក។ ក្នុងចំណោមវិស័យជាច្រើននៅកម្ពុជា ប្រទេសចិនបានដើរតួនាទីធំជាងគេនៅក្នុងការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ។
របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា លំហូរនៃការវិនិយោគផ្ទាល់បរទេសនៅក្នុងឆ្នាំ២០១៩ បានកើនឡើង១២% ស្មើនឹង ៣,៥ ពាន់លានដុល្លារអាមេរិក គឺបានចូលទៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនោះប្រទេសចិន គឺជាប្រទេសដែលធំជាងគេ បានវិនិយោគដោយផ្ទាល់ស្មើនឹងចំនួន ៤៣% បន្ទាប់មក កូរ៉េខាងត្បូង ១១% វៀតណាម ៧% ជប៉ុន ៦% និងសិង្ហបុរី ៦%។

យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង បង្ហាញថា ៦ខែនៅក្នុងឆ្នាំ២០២២នេះ ការវិនិយោគក្នុងវិស័យសំណង់មានប្រមាណជា ២០០០ពាន់គម្រោង មានផ្ទៃក្រឡាសំណង់សរុបទាំងអស់ប្រមាណជា ២,៨ លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគ១២០ ៦លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២១ មាន ៤៣០៣គម្រោង មានផ្ទៃក្រឡាសំណង់ជាង ១២លានម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគប្រមាណជា ៥៣៣៣ លានដុល្លារអាមេរិក។
លោកឧកញ៉ា មើលឃើញថាការកើនឡើងក្នុងវិស័យនេះ គឺផ្អែកលើស្ថិរភាពនយោបាយ សន្តិសុខ សង្គម ដែលធ្វើឲ្យមានការអភិវឌ្ឈលើវិស័យសំណង់នេះគួរឲ្យកត់សម្គាល់។ វិបត្តិកូវីដ១៩ វាគ្រាន់តែមកបង្អាក់ដំណើររយៈពេលខ្លីប៉ុណ្ណោះ ព្រោះអ្វីៗពិភពលោកទាំងមូលបាននឹងកំពុងពួតដៃគ្នាយ៉ាងសកម្មក្នុងគោលដៅតែមួយលុបបំបាត់ ទប់ស្កាត់ជាមួយជំងឺនេះ ហើយរយៈពេលដ៏ខ្លីខាងមុខ អភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ ឬវិស័យផ្សេងៗទៀត សង្ឃឹមវិវត្តន៍ទៅរកស្ថានភាពប្រក្រតីឡើងវិញ។

សម្រាប់កម្ពុជា គិតមកទល់នេះ ស្ថានភាពសេដ្ឋកិច្ច អចលនទ្រព្យ និងសំណង់ ក្រោយវិបត្តិកូវីដ១៩ កំពុងមានភាពជាវិជ្ជមានបណ្តើៗ ជាមួយវិធានការសុខាភិបាល និងផែនការច្បាស់លាស់ស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។ ក្នុងនោះដែរ វិស័យសំណង់ជាផ្នែកមួយដ៏មានសារៈសំខាន់រួមចំណែកដល់ការអភិវឌ្ឈសេដ្ឋកិច្ច ដោយបំពេញនូវគោលបំណងជាមូលដ្ឋាននៃការអភិវឌ្ឈសង្គម បង្កើតដោយការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ។ វិស័យសំណង់ និងអចលនទ្រព្យ ចូលរួមបង្កើននូវប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិ។ ហើយក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរីកចម្រើននៃវិស័យសេដ្ឋកិច្ចជាតិ៕