លោកជំទាវ លី សុខឆេង ទទួលការតែងតាំងជា «អគ្គនាយិកា» ផ្សារទំនើប ជីប ម៉ុង

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ លី សុខឆេង ទទួលបានការ​តែងតាំង​ជា «អគ្គនាយិកា» នៃ​ក្រុមហ៊ុន​ ជីប ម៉ុង រីថែល (Chip Mong Retail) ដែលជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​​​មួយ​របស់​ក្រុមហ៊ុន​មេ​ ជីប ម៉ុង គ្រុប និង​ផ្តោត​សំខាន់​លើ​ផ្នែក​​ផ្សារ​ទំនើប ជីប ម៉ុង ជា​ច្រើន​កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុន​ទទួល​បាន​តំណែង​​​ដ៏​ខ្ពស់​បំផុត​មួយ​នេះ លោកជំទាវ លី សុខឆេង ​​បាន​កាន់​តួនាទី​ជា​ អគ្គនាយិការង​ជាន់ខ្ពស់ ផ្សារទំនើប ជីប ម៉ុង រីថែល ខណៈ​ដែល​​​​ក្នុង​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​របស់​ផ្សារ​ទំនើប ជីប ម៉ុង ជាច្រើន នាពេលកន្លងមក ​គេ​តែង​ឃើញ​វត្តមាន​របស់​លោក​អគ្គនាយក អ្នកឧកញ៉ា លាង ម៉េង ​​ហើយ​លោក​ជំទាវ តែង​នៅ​អម​​ជានិច្ច។

កាលពីថ្ងៃអង្គារ​ ម្សិល​មិញ​នេះ ​​ទំព័រហ្វេសប៊ុក Chip Mong Malls ​​បាន​បង្ហោះសារ​អបអរសាទរ​ដល់​លោក​ជំទាវ ​យ៉ាង​ដូច្នេះ​ថា៖ “សូមធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះវត្តមាន​លោកជំទាវ លី សុខឆេង ក្នុងឱកាស​តែងតាំង​ជាអគ្គនាយិកា​នៃក្រុមហ៊ុន ជីប ម៉ុង រីថែល”។

សូមបញ្ជាក់​ថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​​បាន​បង្កើត​ ជីប ម៉ុង រីថែល ​​ឡើង​កាល​​ឆ្នាំ២០១៧។ រហូតមក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង គ្រុប មាន​ផ្សារទំនើបខ្នាតយក្ស​​ចំនួន​៦ នៅ​រាជធានីភ្នំពេញ ​​ក្នុង​នោះ​មាន​​ដូចជា៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល (ផ្លូវមហាវិថីព្រះនរោត្តម) និង​ផ្សារទំនើបជីបម៉ុង បាក់ទូក សម្ពោធ​កាល​ចុង​ឆ្នាំ​២០១៩, ផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និង​ផ្សារទំនើបជីបម៉ុង ៥៩៨ ​​សម្ពោធ កាល​ពាក់​កណ្តាល​ឆ្នាំ​២០២០, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល សម្ពោធ​កាល​ពាក់​កណ្តាល​ឆ្នាំ​២០២១ និង​ Chip Mong Tower ​​គ្រោង​នឹង​សម្ពោធ នៅ​ឆ្នាំ​២០២២​នេះ៕