កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានដឹកនាំគណៈប្រតិភូរបស់ខ្លួន និងក្រុមហ៊ុនជិត ៥០ ទៅជួបប្រជុំពិភាក្សាការងារជាមួយសមាគមភស្តុភារកម្ម ពាណិជ្ជកម្មវៀតណាម (VLA) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោកឧកញ៉ា ស៊ិន ចន្ធី យល់ឃើញថា បានទទួលលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ដែលនឹងជួយឱ្យវិស័យដឹកជញ្ជូន និងភស្តុភារកម្មកាន់តែរីកចម្រើន ខណៈដែលវិស័យមួយនេះមានសារសំខាន់បំផុត សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ា បានថ្លែងឱ្យដឹងថា៖ “នៅក្នុងការជួប ពិភាក្សានេះ គឺយើងទទួលបានលទ្ធផលល្អប្រសើរ ណាស់ យើងបានសិក្សាពីគ្នាអំពីគោលនយោបាយនាំចេញ នាំចូល និងបែបបទពាក់ព័ន្ធនានា ជាពិសេសបានសិក្សាស៊ីជម្រៅជាមួយគ្នា ដោយមានការប្រជុំពិភាក្សា ហើយក៏មានការទស្សនកិច្ចផ្ទាល់នៅកំពង់ផែសមុទ្រនៅប្រទេសវៀតណាម ដូច្នេះសម្រាប់ការងារនេះ និយាយឱ្យចំគឺយើងទទួលបានផលវិជ្ជមានច្រើន ដែលផលវិជ្ជមាននោះគឺទី១ យើងបានជួបគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន ទី២ យើងបានផ្លាស់ប្តូរ ព័ត៌មានពីគ្នាទៅវិញទៅមក បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល ជាពិសេសនោះ គឺការទៅបានទស្សនកិច្ចផ្ទាល់នៅកំពង់ផែប្រទេសវៀតណាមនេះ ហើយយើងក៏មានការសិក្សាពីផលជាក់ស្ដែង និងសិក្សាពីអាជ្ញាធរផែ លើវិស័យដឹកជញ្ជូននេះ”។

សូមបញ្ជាក់ថា សមាគមភស្តុភារកម្មកម្ពុជា និងសមាគមភស្តុភារកម្មពាណិជ្ជកម្មវៀតណាម តែងតែមានការជួបពិភាក្សាការងារលើវិស័យដឹកជញ្ជូននិងភស្តុភារកម្មជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារមានបញ្ហាប្រឈមនៃជំងឺកូវីដ១៩ បានធ្វើឱ្យជំនួបពិភាក្សាត្រូវបានអាក់ខានរយៈពេល២ឆ្នាំកន្លងមកហើយ ។ លោកឧកញ៉ា ស៊ិន ចន្ធី បានបន្តថា សម្រាប់ឆ្នាំ២០២២នេះ សមាគមទាំងពីរ បានរៀបចំឱ្យមានការជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ក្នុងគោលបំណងឱ្យក្រុមហ៊ុនដែលជាសមាជិករបស់ CLA ជួបជាមួយក្រុមហ៊ុនសមាជិករបស់ VLA ដើម្បីមានឱកាសចាប់ដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លើវិស័យដឹកជញ្ជូនអន្តរជាតិនិងភស្តុភារកម្ម៕
