នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ គឺជាថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសឈានចូលវ័យ៥៤ឆ្នាំនេះ អ្នកឧកញ៉ា បានពោលពាក្យមួយឃ្លាថា “ផ្ទះគឺជាកន្លែងដែលបេះដូងរបស់អ្នក ទទួលបានសេចក្តីសុខ និងសុភមង្គល ចំណែកឯបេះដូងរបស់ខ្ញុំ ទទួលបានសេចក្តីសុខ និងសុភមង្គលជាខ្លាំង ជាមួយក្រុមគ្រួសាររបស់ខ្ញុំ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។

អ្នកឧកញ៉ា បានលើកឡើងបន្ថែមតាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃនេះថា លោកមានអារម្មណ៍រីករាយ ដែលមានវ័យកើនឡើងបន្តិច ហើយក៏មានប្រាជ្ញាជាងមុនបន្តិច។ ភាពរស់រានមានជីវិត គឺជាពរជ័យដ៏អស្ចារ្យមួយ ដែលលោករំលឹកខ្លួនឯងនៅពេលក្រោកពីដំណេករាល់ព្រឹក។ ការប្រារព្ធថ្ងៃកំណើតមួយឆ្នាំទៀត គឺជាភាពអស្ចារ្យដែលលោកមានអំណរគុណ។ ការកើនអាយុមួយឆ្នាំទៀត នៅក្នុងជីវិតរបស់លោក ធ្វើឱ្យលោកដឹងពីគុណតម្លៃដ៏សំខាន់នៃភាពរស់រាន និងភាពរីករាយនៃជីវិត។

លោកឧកញ៉ា ក៏សូមថ្លែងអំណរគុណជាអនេកចំពោះអ្នករាល់គ្នា ដែលបានក្លាយជាផ្នែកមួយនៃដំណើរជីវិតរបស់លោក។ អាយុកើនមួយឆ្នាំទៀត ហើយប្រាជ្ញាក៏ប្រសើរមួយកម្រិតទៀត ដោយមិនមានសញ្ញានៃការធ្លាក់ចុះចំពោះជីវិតរស់នៅក្នុងពេលនេះទេ។ នៅប្រទេសកម្ពុជាយើង យើងបានឃើញការផ្លាស់ប្តូរជាវិជ្ជមានទាំងសេដ្ឋកិច្ច និងអាជីវកម្មរបស់យើង ដែលកំពុងងើបឡើងវិញពីជំងឺរាតត្បាត។ យើងមានសំណាងល្អក្រោមការដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

“ថ្ងៃនេះ យើងអបអរសាទរការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការងារដែលបាននាំយើងមកដល់ទីនេះ ហើយផ្តល់ឱកាសដល់ខ្ញុំនៅជាមួយគ្រួសាររបស់ខ្ញុំ គ្រប់គ្រងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្លាយជាផ្នែកមួយដ៏សំខាន់នៃការខិតខំពុះពារដ៏ល្អក្នុងប្រទេស។ នេះជាសារសំខាន់មួយដែលខ្ញុំផ្សព្វផ្សាយទៅកាន់អ្នកទាំងអស់គ្នា ដែលបានចូលរួមចំណែកជាមួយខ្ញុំ។ សូមចូលរួមជាមួយខ្ញុំក្នុងឱកាសថ្មីដែលពោរពេញទៅដោយវឌ្ឍនភាព និងភាពវិជ្ជមានទាំងអស់គ្នា”។ ម្ចាស់ក្រុមហ៊ុន Cellcard បានបន្ថែម៕



