សំណង់អគារចិនកំពុងឈរបង្ហាញខ្លួននៅកណ្តាលក្រុងព្រះសីហនុ បាននឹងកំពុងលើកមុខមាត់កម្ពុជាមួយកម្រិតទៀតលើឆាកអន្តរជាតិ។ សកម្មភាពសំណង់ និងអចលនទ្រព្យក្នុងខេត្តព្រះសីហនុបានស្ទុះឡើងខ្លាំង ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេលពីរបីឆ្នាំ នៃអំឡុងឆ្នាំ២០១៨មុននឹងវាធ្លាក់ចុះមកវិញនៅចុងឆ្នាំ២០១៩ ដោយសារការបិទល្បែងភ្នាល់អនឡាញរួមទាំងការផ្ទុះឡើងនូវជំងឺកូវីដ-១៩។
វិស័យសំណង់ក្នុងខេត្ដព្រះសីហនុ គិតចាប់តាំងពីឆ្នាំ ២០១៧ ររហូតដល់ចុងឆ្នាំ ២០២១ មានសំណង់សរុប ១ ៦៦១ គម្រោង ជាមួយទុនវិនិយោគ មានប្រមាណជាង ៨ ៤០០ លានដុល្លារអាមេរិក។ ក្នុងនោះសំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមានចំនួន ៦២០ គម្រោង។
តើទៅថ្ងៃអនាគត សំណង់អគារចិននៅក្រុងព្រះសីហនុនឹងទៅជាយ៉ាងណា?
នេះជាសំនួរអ្នកសារព័ត៌មានជើងចាស់ លោក ពុយ គា ដែលជាអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មានជប៉ុនតូក្យូ ទៅកាន់ឧកញ៉ា វណ្ណ សុខ ហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងជំនួបនេះ ឧកញ៉ា វណ្ណ សុខហេង ប្រាប់លោក ពុយ គា ថា៖ “និយាយទៅដូចជាអាក្រក់ស្តាប់បន្តិច ប៉ុន្តែខ្ញុំសូមនិយាយថា ក្រោយចប់កុងត្រាក្នុងរយៈពេល១០ទៅ២០ឆ្នាំទៀត អគារទាំងនោះនឹងទៅជារបស់ខ្មែរហើយ ព្រោះចិនមិនអាចលើក ឬរើអគារទាំងនោះទៅស្រុកចិនវិញបានទេ”។
ទោះបីជាបែបនេះក្តី ខេត្តព្រះសីហនុ មានអគារចំនួន១១៥០ទីតាំងកំពុងជាប់គាំង ប៉ុន្តែក៏មានអគារមួយចំនួនដំណើរការសាងសង់ឡើងវិញ ក្រោយសកម្មភាពសាងសង់ត្រូវបានផ្អឹបទុកចោលដោយសារកូវីដ១៩ និងការចាកចេញរបស់ក្រុមអ្នកវិនិយោគចចិន។
នៅក្នុងសំណុំរឿងអគារជាប់គាំងនេះ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ កំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកអចលនទ្រព្យ, វិស័យធនាគារ, វិស័យឯកជន រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាជាប់គាំងនៃសំណង់អគារនៅក្រុងព្រះសីហនុដែលមានរហូតដល់ ១ ១៥០កន្លែង ឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះដែរ កាលពីចុងខែកក្កដា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយក្រុមការងារ Continent Asset Management និងតំណាងស្ថាប័នមេធាវី ETC ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជាប់គាំក្នុងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឧកញ៉ា វណ្ណ សុខហេង។ ក្នុងជំនួបនេះ បានពិភាក្សាករណីសំខាន់ៗទាក់ទងនឹងវិស័យអចលនទ្រព្យ និងទុនវិនិយោគលើសំណង់អគារដីធ្លីជួលដែលគាំងស្ទះនៅទីក្រុងព្រះសីហនុផងដែរ។
គួររំលឹកថា ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍតំបន់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមទៀតនោះ ការអភិវឌ្ឍខេត្តនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕