អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលជាជនជាតិចិន តែទទួលបានសញ្ជាតិខ្មែរ ជាបុគ្គលឆ្នើមមួយរូប ទទួលបានការតែងតាំងជាទីប្រឹក្សាឥស្សរៈជនជាន់ខ្ពស់របស់ប្រទេសកម្ពុជាថ្នាក់សម្តេច ដល់ទៅ ០៣រូប ខណៈដែលលោកក៏មានឋានៈស្មើ «រដ្ឋមន្ត្រី»។
អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខាចេញព្រះរាជក្រឹត្យ តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «រដ្ឋមន្ត្រី» កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ អ្នកឧកញ៉ា ក៏ទទួលបានព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាលទី៦ មានឋានៈស្មើ «រដ្ឋមន្ត្រី»។
មុននោះមួយឆ្នាំ អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខាចេញព្រះរាជក្រឹត្យ តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ រដ្ឋលេខាធិការ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលលោកក៏ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើ អនុរដ្ឋលេខាធិការ កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផងដែរ។
សូមបញ្ជាក់ថា ឧកញ៉ា ចេន ហ្ស៊ី ទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ យ៉ាងណាមិញ ទោះបីការតែងតាំងជាទីប្រឹក្សា ក្នុងកាលបរិច្ឆេទមុន និងក្រោយគ្នាក្តី តែមិនបានបញ្ជាក់អំពីព្រះរាជក្រឹត្យថ្មី និរាករណ៍ព្រះរាជក្រឹត្យចាស់នោះឡើយ ដូច្នេះអាចមានន័យថា អ្នកឧកញ៉ា ចេន ហ្ស៊ី នៅតែមានតួនាទីជាទីប្រឹក្សារបស់សម្តេចទាំង៣។
ឯកឧត្តម អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវបានគេស្គាល់ថា ជាស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា ដូចជា៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management និង ក្រុមហ៊ុន Awesome Global Investment Group៕