ឧកញ៉ា លឹម សុជាតិ ចែករំលែកវិធីសាស្ត្រក្នុងការធ្វើទីផ្សារសំខាន់ៗ ២ចំណុច

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លឹម សុជាតិ អគ្គនាយក​ក្រុមហ៊ុន Laksmi Prime Investment Co., LTD, ប្រធានក្រុមប្រឹក្សា​ភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី​​ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ចែក​រំលែក​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ទីផ្សារ​ឱ្យ​បាន​ជោគជ័យ ​​ចំនួន ២​ចំណុច​សំខាន់ៗ ដែល​លោក​ធ្លាប់​បាន​អនុវត្ត​ផ្ទាល់​នៅ​ក្រុមហ៊ុន​របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ​​បាន​​លើក​ឡើង​ក្នុង​កម្មវិធីការចែករំលែក​ដើម្បីអាជីវកម្មរីកចម្រើន នៅ​ខេត្តកំពង់ធំ កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ២០២២​ ថា​ ទី១ លោក​ចាប់​ផ្តើម​ធ្វើ​ទីផ្សារ​ដំបូង​ គឺ​​ចាប់​ផ្តើម​ធ្វើ​​ទីផ្សារ​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​​ខ្លួន​ ​សំដៅ​ទៅ​លើ​មិត្តភ័ក្តិ​និង​ក្រុមការងារ​ទាំង​ឡាយ ដែល​លោក​បាន​ខំ​កសាង​មក​​ជា​ច្រើន​ឆ្នាំ ព្រោះ​ជា​ដៃគូ​ដែល​យើង​ស្គាល់​ច្បាស់ និង​ដែល​យើង​គិត​ថា​ពេល​ធ្វើការ​ជាមួយ​គ្នា​ទៅ មាន​ការ​រីក​ចម្រើន។

បន្ទាប់មក ចំណុច​ទី​២ ត្រូវ​ពង្រីក​ទីផ្សារ​នៅ​តំបន់ជិតៗ​​សិន។ លោក​ឧទាហរណ៍​ថា​ នៅ​ខេត្ត​កំពង់ធំ លោក​កំពុង​មាន​អតិថិជន​ មួយ​ម៉ឺន​នាក់ ដូច្នេះ​ត្រូវ​តែ​ព្យាយាម​ពង្រីក​ទីផ្សារ​ក្នុង​ខេត្ត​នេះ​ឱ្យ​បាន​កាន់​តែ​ច្រើន​ អាច​៣ឬ​៤​ម៉ឺន​នាក់​សិន ​កុំ​ទាន់​អាល​រត់​ទៅ​កាន់​ខេត្ត​ផ្សេង។ លោក​បន្ត​ថា មធ្យោបាយ​ចំណុច​ទី​២ ដែល​លោក​បាន​ប្រើប្រាស់​​នេះ​ គឺ​ផ្តោត​លើ​ទីផ្សារ​ដែល​មាន​ស្រាប់ ​ដោយ​ពង្រីក​អតិថិជន។

សូមជម្រាបជូន​ថា ក្រុមហ៊ុន Laksmi Prime Investment របស់​ឧកញ៉ា លឹម សុជាតិ ដែល​​បាន​សហការ​​​ជាមួយ​នឹង​អ្នក​វិនិយោគទុន​ជប៉ុន កាល​ឆ្នាំ២០១២ មក​ទល់​បច្ចុប្បន្ន​នេះ​បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​​ដូចជា មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​៣ ក្រុមហ៊ុន​វិនិយោគ អភិវឌ្ឍន៍​អចលនទ្រព្យ ជាពិសេស​ការ​អភិវឌ្ឍ​ជា​ខុនដូ នៅ​រាជធានីភ្នំពេញ ក្រុមហ៊ុន​ចែកចាយ​និង​បង់​រំលស់​ម៉ូតូ និង​ក្រុមហ៊ុន​ប្រភេទ​អាជីវកម្ម E-Commerce ដែល​ទើប​ចាប់​ផ្តើម។ លោក លឹម សុជាតិ ​​បាន​ទទួល​គោរមងារ «ឧកញ៉ា» ​នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ២០២២៕