កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងមន្ត្រីរបស់រដ្ឋបាលខេត្តកែប បានចុះទៅពិនិត្យកោះត្បាល់ បន្ទាប់ពីមានការស្នើសុំវិនិយោគអភិវឌ្ឍន៍ពីក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD របស់អ្នកឧកញ៉ា ទ្រី ភាព។

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ទើបបានសម្រេចអនុម័តគម្រោងវិនិយោគរបស់ SAMANEA CO., LTD លើគម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ ១៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងឱ្យដឹងថា តាមរយៈការសហការគ្នារវាងវិស័យរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍន៍នៅខេត្តកែប ពិតណាស់នឹងជះឥទ្ធិពលជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែប ដើម្បីលើកកម្ពស់ជីវៈភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលអាចផ្តល់កន្លែងការងារ សំដៅកាត់បន្ថយការចំណាកស្រុក ដូចនេះការធ្វើអោយគម្រោងលេចចេញជារូបរាងឡើង គឺជារឿងដែលយើងខិតខំបន្ត។

ការចុះទៅពិនិត្យកោះត្បាល់ កាលពីថ្ងៃសុក្រកន្លងទៅនេះ គឺក្រោមការដឺកនាំដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពី លោក អុឹម បញ្ញារិទ្ធិ អភិបាលរងនៃគណ:អភិបាលខេត្តកែប និងក្រសួង មន្ទីរ ពាក់ព័ន្ធ។
សូមជម្រាបជូនថា ខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ ដែលសុទ្ធសឹងតែជាទីតាំងសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។ ចំណែកឯ កោះត្បាល់ ជាកោះធម្មជាតិមួយដែលមានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីក្រុងកែប និងធ្វើដំណើរតាមទូកប្រមាណពី ៣៥-៤៥នាទី។ កោះត្បាល់ ក៏នៅជាប់នឹងកោះទន្សាយ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព ផងដែរ ដោយមានចម្ងាយពីគ្នា តែ ១,៥ គីឡូម៉ែត្រប៉ុណ្ណោះ៕


