អ្នកឧកញ៉ា សុខ គង់ ចាយលុយខ្ទង់ ៥០០លានដុល្លារអភិវឌ្ឍទីក្រុងបូកគោ

ជុំវិញ​ឧកញ៉ា

តាមរយៈក្រុមហ៊ុន​ សុខាអូតែល​ អ្នកឧកញ៉ា សុខ គង់ បាន​ចំណាយ​ថវិកា​អភិវឌ្ឍន៍​អស់​ចន្លោះ​ពី​ ៤០០-៥០០​ លាន​ដុល្លារ​លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បូកគោ​ថ្មី​ ដែលមាន​ផ្ទៃដី ៣០ពាន់​ហិកតា​នៅក្នុង​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ ​ចាប់តាំងពី​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែតភ្នំពេញប៉ុស្តិ៍ បានស្រង់សម្តីអ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗកន្លងទៅយ៉ាងដូច្នេះថា៖ បើ​គិតពី​ការអភិវឌ្ឍ​តាំងពី​ដើមដំបូង រាប់ទាំង​សណ្ឋាគារ កាស៊ីណូ ផ្លូវ​ឡើង​ភ្នំ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​ទៀត ក្រុមហ៊ុន​របស់អ្នកឧកញ៉ាបាន​វិនិយោគ​អស់​ទឹកប្រាក់​ចន្លោះ​ពី​ ៤០០ ទៅ​ ៥០០ ​លាន​ដុល្លារ​ហើយ​មក​ដល់ពេលនេះ​។

អ្នកឧកញ៉ាបន្តថា បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ក្នុង​ការជួល​ដី​ឱ្យ​ក្រុមហ៊ុន​សុខាអូតែល អភិវឌ្ឍ​រហូតដល់​ថ្ងៃទី​ ៣១ ខែ សីហា ឆ្នាំ​ ២១០៩ រួចមក ក្រុមហ៊ុនបាន​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​ធ្វើយ៉ាងណា​អភិវឌ្ឍ​ទីក្រុង​បូកគោ​ឱ្យ​ក្លាយជា​កន្លែង​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​ទាំង​សម្រាប់​ការកម្សាន្ត ស្នាក់នៅ និង​វិនិយោគ​។

អ្នកឧកញ៉ា សុខ គង់ បន្ថែមថា ដោយសារ​គម្រោង​នេះ​មាន​ទំហំ​ធំ និង​ប្រើពេល​អភិវឌ្ឍន៍​យូរ ដូច្នេះ​ក្រុមហ៊ុន​លោក​ក៏​ប្រកាស​បើកទទួល​ការចូលរួម​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក និង​បរទេស ព្រមទាំង​អាជ្ញាធរ​ដើម្បី​ជួយ​ឱ្យ​គម្រោង​នេះ​អាច​សម្រេចបាន​តាម​ផែនការមេ​កំណត់​ផងដែរ​៕