អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ត្រា បានបង្ហាញវិន័យផ្ទាល់ខ្លួនចំនួន១២ចំនុច ដែលអ្នកឧកញ៉ា តែងតែប្រើវាជាប្រចាំសម្រាប់ជាឧបាយជាគ្រឿងណែនាំលត់ដំខ្លួនកែប្រែស្ថានការណ៍ឲ្យស្មារតីរឹងមាំ ហ៊ានប្រឈមហើយទទួលស្គាល់នូវអ្វីដែលបានកើតឡើងនៅចំពោះមុខ ក្នុងដំណើរជីវិត។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នៅថ្ងៃទី៨ ខែកញ្ញានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យនិយមន័យថា «វិន័យដែលខ្ញុំដាក់ឲ្យខ្លួនឯង» ដែលតែងតែប្រើប្រាស់ផ្ទាល់ខ្លួនជាប្រចាំ។ «វិន័យ» ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដាក់ឲ្យខ្លួនឯង មាន ១២ប្រការ ជាបែបផែនស៊ីសង្វាក់បិទជិតក្នុងគោលដៅតែមួយ គឺជាក្រឹត្យក្រម ជាគំរូ សម្រាប់ជាផ្លូវត្រួសត្រាយឆ្ពោះទៅរកការសម្រេចកិច្ចការនៃបេសកកម្មជីវិត។
វិន័យ ១២ប្រការ មានជាអាថ៍៖ ១/ មិនអាចទ្រាំការប្រមាថកុំចង់ធ្វើកិច្ចការធំ ២/ ខុសត្រូវតែកែប្រែ ៣/ អន់ចិត្តមកពីចិត្តអន់ ៤/ ស្លាប់រស់ទេវតាជាអ្នកកំណត់ ៥/ បើប្រយុទ្ធឬការពារគឺហ៊ានដាក់ជីវិត ៦/ ប្រើវិន័យទាហ៊ានចំពោះខ្លួនឯង ៧/ រកស៊ីអាចចំណេញឬខាត មិនរកស៊ីឱកាសខាតក៏គ្មាន ៨/ រឹងមាំមិនរឹងរូស ៩/ ខុសឬត្រូវមិនអាចមើលមួយជ្រុង ១០/ ខ្លួនមិនខ្លាំងធ្វើម៉េចបម្រើអ្នកខ្លាំងបាន ១១/ គ្មានសមត្ថភាពកុំចង់បានប្រយោជន៍ធំ ១២/ ស្មោះត្រង់50+1 មានសមត្ថភាពទើបរីកចម្រើន។
ទោះបីជា មិនបានបញ្ជាក់និងពន្យល់ខ្លឹមសារលម្អិតពីវិន័យខាងលើនេះក្តី តែវិន័យទាំង១២ឃ្លាទាំងនេះ អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប រូបនេះ ទំនងជាចង់ដាស់តឿនទៅកាន់សារធារណៈជន ពិសេសយុវជនជាដើម ទុកជាបទពិសោធន៍ និងធ្វើទុនសម្រាប់ដោះស្រាយជីវិតប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតផងដែរ។
សូមជម្រាបថា «វិន័យ» ត្រូវបានឲ្យនិយមន័យថា ជាការដឹកនាំទៅរកផ្លូវល្អ; ច្បាប់, ច្បាប់បញ្ញត្តឬច្បាប់អនុញ្ញាត, ច្បាប់ប្រដៅឲ្យប្រព្រឹត្តត្រឹមត្រូវ; ច្បាប់ប្រដៅឲ្យសង្រួមកាយវាចាឲ្យត្រឹមត្រូវ; ឲ្យចុះបែបបទ; ឲ្យមានសណ្ដាប់ធ្នាប់ល្អ។ និយាយឲ្យខ្លីទៅ «វិន័យ» មានន័យថា ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តិល្អ ទាំងកាយ ចិត្ត និងវាចា ជាដើម។
នៅក្នុងចំណោម វិន័យដែលអ្នកឧកញ៉ាបានចែករំលែកទាំង ១២ប្រការនោះ ជាចំណុចឫសគល់នៃភាពជោគជ័យ ព្រោះផលដែលបានមកពីវិន័យគឺជាភាពត្រឹមត្រូវ។ នៅក្នុងនោះអ្នកឧកញ៉ាក៏បានសង្កត់ធ្ងន់ទៅលើ ភាពស្មោះត្រង់ផងដែរ ដោយបញ្ជាក់ថា ស្មោះត្រង់ 50-1 មានសមត្ថភាពទើបជីវិតរីកចម្រើន។
វិន័យទាំង ១២ប្រការលើខាងនេះ ក៏ប្រហែលទំនងជាមាត្រដ្ឋាន ឬជាគ្រឹះមាគ៌ាសម្រាប់អ្នកឧកញ៉ា ទុកជាយានធ្វើដំណើរឈានមកដល់ចំណុចកំពូលជោគជ័យស្ថិតក្នុងវ័យក្មេងសាងភាពល្បីល្បាញតាមរយៈសកម្មភាពធុរកិច្ច និងកិច្ចការមនុស្សធម៌មិនក្រោម ១០លានដុល្លារអាមេរិកនោះ ត្រឹមរយៈពេលដ៏ខ្លី ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជួយដល់បណ្តាប្រទេសមួយចំនួនទៀតផង។
មែនទែនទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាប់ផ្តើមដឹងក្តីឡើងក្នុងត្រកូលជាកូនអ្នកកសិករក្រីក្រកំសត់ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង តស៊ូនឹងឧបសគ្គរាប់ម៉ឺនជំពូក បំផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយដើម្បីកែប្រែវាសនាខ្លួន រហូតទទួលជោគជ័យដូចសព្វថ្ងៃ ដោយផ្តើមការមានវិន័យ និងភាពស្មោះត្រង់ដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ៕