ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ អ៉ិនវេសម៉ិន ឯ.ក ដែលមានបុត្រសម្ព័ន្ធក្នុងវិស័យឋាមពល កីឡា ម្ហូបអាហារ និងភេសជ្ជៈជាដើម។ លោកបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីប្រទេសអង់គ្លេស។ លោក សុវណ្ណរតនៈ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ត្រាស់បង្គាប់តែងតាំងជា «ឧកញ៉ា» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ឧកញ៉ា ឈាង សុវណ្ណរតនៈ ចាប់ផ្តើមអាជីវកម្ម អ ធី អិន ខេ ប្រ៊ូវខហ្វហ្វី BREW Coffee & Restaurant ក្នុងឆ្នាំ២០១៦ ស្របពេលដែលកាលនោះលោកនៅជានិសិត្សថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យ រីហ្គេន (Regent’s University London) ចក្រភពអង់គ្លេស នៅឡើយ។ នៅពេលវិស្សមកាលពីការសិក្សាម្តងៗ លោកតែងត្រឡប់មកកម្ពុជាវិញជារឿយៗដើម្បីសិក្សាបន្ថែមពីសក្តានុពលធុរកិច្ចក៏ដូចជាមករៀបចំ និងបើកដំណើរការប្រ៊ូវខហ្វហ្វី បានឲ្យជោគជ័យឈរជើងរហូតទល់នឹងសព្វថ្ងៃ។
គួររម្លឹកបន្តិចថា ប្រ៊ូវខហ្វហ្វី កាលមុនគ្រាន់តែជាហាងអមជាមួយតារាងបាល់មួយកន្លែង មានឈ្មោះថា ក្លឹបកីឡាផ្លាទឹម Platinum Sports Club ស្ថិតនៅវិថីទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រ៊ូវខហ្វហ្វី កាលពីបើកដំបូង ត្រឹមតែជាហាងកាហ្វេមួយតែប៉ុណ្ណោះដើម្បីជាផ្នែកមួយដល់តារាងបាល់ទាល់ ប៉ុន្តែមកដល់សព្វថ្ងៃប្រ៊ូវខហ្វហ្វីបានពង្រឹកខ្លួនទៅជាភោជនីយដ្ឋានមួយដោយមានអាហារប្រភេទគុយទាវ មី និងប្រហឹតឆឹងដែលជាអាហារប្រចាំហាងផងដែរ។
ដោយមានការគាំទ្រច្រើន ប្រ៊ូវខហ្វហ្វី បានពង្រឹកសាខារបស់ខ្លូនដែលផ្តោតសំខាន់លើម្ហូបអាហារ។ ប្រ៊ូវខហ្វហ្វីមិនត្រឹមតែជាហាងកាហ្វេតូចមួយតែប៉ុណ្ណោះទេ ប៉ុន្តែឧកញ៉ា ឈាង សុវណ្ណរតនៈ មានចក្ខុវិស័យប្រែក្លាយទៅជាក្រុមហ៊ុនដែលផ្តោតទៅលើម្ហូបអាហារ អ ធី អិន ខេ ហ៊្វូដ & បេវើរេច ឯ.ក ដែលមានប្រេន ប្រ៊ូវខហ្វហ្វី (ហាងកាហ្វេ) ភោជនីយដ្ឋាន ប្រ៊ូវផាក (ភោសជនីយដ្ឋានលក់អាហារពេលព្រឹក&ថ្ងៃត្រង់) និង ប្រហឹតប្រ៊ូវ (តូបលក់ប្រហឹតខ្នាតតូច។
លោកឧកញ៉ាធ្លាប់បានគូសបញ្ជាក់ថា៖ «របរធំក៏ធ្វើ របរតូចៗក៏មិនគួរមើលរំលង»។ ទន្ទឹមនឹងនោះ នៅពេលខាងមុខដ៏ខ្លី លោកក៏ក៏បានពង្រីកមុខជំនួញមួយបន្ថែមទៀត ដោយនឹងដាក់ឲ្យដំណើរការស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាព្រែកហូរ ៥០ម៉ែត្រ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឧកញ៉ា ឈាង សុវណ្ណរតនៈ បានផ្តល់ទស្សនទានជីវិត និងមុខជំនួញយ៉ាងដូច្នេះថា៖ «រស់នៅជាមួយមហិច្ឆិតាដើម្បីបានដល់គោដៅ ដល់មួយជំហាន បន្តទៅគោលដៅមួយជំហានទៀត មិនឈប់មួយកន្លែងឡើយ»៕