ភ្លាមៗបន្ទាប់បានឃើញឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងទាក់ទងក្រុមហ៊ុនម៉ៅការសាងសង់ផ្ទះគំរូ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ក្នុងខេត្តសៀមរាប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ បុរី ឡេង ណាវ៉ាត្រា បានប្រកាសថា ចូលរួមបរិច្ចាគផ្ទះគំរូចំនួន ២០ខ្នងផ្ទះ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល។


បើតាមឯកឧត្ដម ជា សុផារ៉ា បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់ខុសច្បាប់ មានដូចជារោងផ្ទះបាយ រោងចលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ និងសំណង់ផ្សេងៗទៀត ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលក្រសួងតម្រូវឱ្យរុះរើរចេញ និងស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋានទៅរស់នៅភូមិជាតិរុនតាឯក មានចំនួនប្រមាណ ២០០០គ្រួសារ។ ការណ៍នេះ តម្រូវក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំយន្តការសាងសង់លំនៅឋានជូនពួកគាត់ ជាបន្តបន្ទាប់។


គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដផ្ទះថ្ម ដែលឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បម្រុងនឹងសាងសង់ជូនបងប្អូនប្រជាពលរដ្ឋទាំង ២០០០គ្រួសារនោះ មានតម្លៃប្រមាណ 18,500$ ក្នុងមួយខ្នងផ្ទះ។ ដូច្នេះ សម្រាប់ផ្ទះគំរូចំនួន ២០ខ្នងផ្ទះ ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងបរិច្ចាគជូនរាជរដ្ឋាភិបាល គ្រោងនឹងចំនួនអស់ទឹកប្រាក់ប្រមាណជិត ៤០ម៉ឺនដុល្លារអាមេរិក។