ឧកញ៉ា នឹម វណ្ណៈ ទីប្រឹក្សាក្រុមហ៊ុន មេធាវី HNS Law Group មានប្រសាសន៍ថា៖ «ជោគជ័យកើតមកពីការព្យាយាម តែការព្យាយាមដោយគ្មានគោលដៅច្បាស់លាស់ស្មើនឹងបរាជ័យ។ ជោគជ័យកើតមកពីការខិតខំតស៊ូជំនះឧបសគ្គ តែតស៊ូជំនះខុសស្មើរនឹង បរាជ័យ»។
លោកជំទាវឧកញ៉ាបន្តថា មនុស្សចង់បានលុយក្បត់មនសិការ បំផ្លាញអ្នកដទៃ ដើម្បីក្តីសុខខ្លួនឯង គេគឺជាមនុស្សធ្វើការនិងរកសុីមួយជីវិតក្នុងនាមជាទាសករលុយតែប៉ុណ្ណោះ។ ភាពជោគជ័យនិងក្តីសុខកើតមានលើមនុស្សដែលមានចិត្តត្រជាក់ដូចទឹកកក វិញ្ញាណរាវដូចជាទឹក បត់បែនបានគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង។ ការសិក្សាស្រាវជ្រាវ និង ប្រើបញ្ញា ប្រការដោយ ភាពវៃឆ្លាតនឹងទទួលបានភាគជោគជ័យក្នុងជីវិត។
ទន្ទឹមនឹងនោះដែរ ឧកញ៉ា នឹម វណ្ណៈ ក៏បានចែករំលែកពាក្យដំបូងរបស់ម្តាយឪពុកជាទីស្រលាញ់របស់លោកជំទាវដែលតែងតែប្រៀនប្រដៅឲ្យប្រកាន់ខ្ជាប់នៅព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា កុរណា មុទិតា និង ឧបេក្ខា។
លោកជំទាវពន្យល់យ៉ាងដូច្នេះថា៖ មេត្តា (ន) សេចក្តីប្រណី, សេចក្តីរាប់រក, សេចក្តីស្រលាញ់ ។ ករុណា (ន) សេចក្តីអាណិត, អាសូរ ការជួយសន្តោសអ្នកដទៃឲ្យរួចពីសេចក្តីទុក្ខ។ មុទិតា (ន) ការមិនមានចិត្តច្រណែនឈ្លានីសអ្នកដទៃ ត្រេកអរជាមួយអ្វីដែលអ្នកដទៃមាន។ ឧបេក្ខា (ន) ការតាំងចិត្តជាកណ្តាល ដំណើរមិនលម្អៀងទៅខាងណា៕