ឧកញ៉ា គីម ហ៊ាង គ្រោងសាងសង់ «វិមានសំណាង ថោន» ឱ្យបានលើស១២ទីតាំង មុនឆ្នាំ២០៤២

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់គម្រោងលំនៅឋានលំដាប់អភិជន បុរី វិមានសំណាង បានប្រកាស​ពី​គោលបំណង​របស់​ខ្លួន ចង់​សាងសង់​ «វិមានសំណាង ថោន» នៅ​ប្រទេស​កម្ពុជា ឱ្យ​បាន​លើស​ពី​ ១២​ទីតាំង សម្រាប់​​​អ្នក​ស្នាក់នៅ និង​​អ្នក​ធ្វើ​អាជីវកម្ម​​ជាង ៥០​ម៉ឺន​នាក់ នៅ​មុន​ឆ្នាំ​២០៤២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ពុធ​នេះ​​​​ថា៖

១. បុរី វិមានសំណាង (Borey Vimean Samnang) លើដី ២៥​ហិកតា​ ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ​ គឺមានតែវីឡាទោលទាំងអស់ តម្លៃចាប់ពីជាង ៤២មុឺនដុល្លារ ដល់ជាង ៥លានដុល្លារ។

២. វិមានសំណាង ថោន (Vimean Samnang Town) លើដី ៥០ហិកតា តម្លៃ ៥០០លានដុល្លារ នឹងចាប់ផ្តើមក្នុងឆ្នាំ ២០២៣ រួមមានផ្ទះអាជីវកម្ម វីឡាទោល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្សាទំនើប ខុនដូ និងកីឡាដ្ឋាន សម្រាប់មនុស្ស ២០ ០០០នាក់ស្នាក់នៅ។

៣. គ្រាន់តែចង់សង់ វិមានសំណាង ថោន នៅកម្ពុជាឱ្យ​បានលើសពី ១២ ទីតាំង សម្រាប់មនុស្សជាង ៥០​មុឺននាក់ស្នាក់នៅ និងធ្វើអាជីវកម្ម ឱ្យ​បានមុនឆ្នាំ២០៤២។

ម្ចាស់​បុរី វិមាន​សំណាង​ រូប​នេះ​ បានបន្ថែម​ថា៖ “គីម ហ៊ាង មិនហ៊ាន​តូចចិត្ត ដែលម្តាយឆាប់ស្លាប់ ឪពុក​អត់​លុយ បងប្អូនបង្កើតនៅក្មេង តែបានសាច់ញាតិ និងមិត្តភក្តិរាប់អាន ពិសេសបាន Hollywood Club & KTV ផ្តល់ការងារឱ្យ​ធ្វើជាអ្នករត់តុ (Waiter) និងកុដិលេខ១៨ វត្តមហាមន្រ្តី ផ្តល់ជាកន្លែងស្នាក់នៅ និង​បាយបិណ្ឌបាយបាត្រ ៦ឆ្នាំ ក្នុងនាមជា និស្សិតក្មេងវត្ត។ បើ គីម ហ៊ាង អាចធ្វើបាន នោះមានន័យថា យុវជន​កម្ពុជាទាំងអស់ មកពីគ្រួសារក្រីក្រ ក៏អាចធ្វើបានដូចគ្នា”។

​សូមបញ្ជាក់​ថា គម្រោង​វិមានសំណាងថោន (Vimean Samnang Town) ដែលមានតម្លៃវិនិយោគ​ដល់​ទៅជាង ៥០០លានដុល្លារ បានកំណត់ថ្ងៃត្រៀមបុកគ្រឹះសាងសង់យ៉ាងច្បាស់លាស់ នាថ្ងៃព្រហស្បត៌ ២៤ សីហា ២០២៣។ គម្រោង​​នេះ​នឹងមានការ​សាងសង់ដូចជា៖ ផ្ទះអាជីវកម្ម វីឡាព្រីង វីឡាឃ្វីន និងវីឡាឃីង, ខុនដូ ផ្សារទំនើប សាលារៀន សណ្ឋាគារ មន្ទីរពេទ្យ អគារការិយាល័យ កន្លែងរៀបចំជប់លៀង អាពាហ៌​ពិពាហ៌ និងសាលប្រជុំ។ លោកឧកញ៉ា គីម ហ៊ាង បញ្ជាក់​ថា ​គម្រោង​នេះ​ត្រូវការពេល៦ឆ្នាំ ដើម្បីលក់អស់ និង ៩ឆ្នាំដើម្បីសង់បញ្ចប់ ហើយ​​ក្នុង​នោះ​អាចផ្តល់ការងាររាប់ពាន់កន្លែង ដល់ប្រជាជនកម្ពុជា ពន្ធគ្រប់​ប្រភេទ រាប់​សិបលានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា មុខរបររាប់រយ ដល់អ្នករស់នៅក្នុងសហគមន៌ ហើយ​ក៏ជាលំនៅដ្ឋានដល់ប្រជាជនរាប់ម៉ឺននាក់៕