អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ថាការអប់រំពិតជាសំខាន់ខ្លាំងណាស់ ហើយការអប់រំ ក៏ជាមធ្យោបាយតែមួយគត់ ដែលអាចឱ្យយើងចៀសផុតពីភាពក្រីក្របាន។
ក្នុងឱកាសអបអរសាទរទិវាអក្ខរកម្មជាតិ-អន្តរជាតិ នៅថ្ងៃទី០៨ ខែកញ្ញានេះ អ្នកឧកញ៉ា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា ហេតុអ្វីការអប់រំមានសារៈសំខាន់? តើការអប់រំមានន័យដូចម្តេច? លោកបានមើលនិយមន័យរបស់ពាក្យនេះនៅក្នុងវចនានុក្រម ហើយការពន្យល់គឺសំដៅទៅលើ “ដំណើរការនៃការទទួល ឬផ្តល់ការណែនាំជាប្រព័ន្ធ ជាពិសេសនៅសាលា ឬសាកលវិទ្យាល័យ”។
ស្របពេលដែលប្រទេសជាតិយើងរីកចម្រើន ការអប់រំគឺជាមធ្យោបាយតែមួយគត់ ដែលអាចឱ្យយើងចៀសផុតពីភាពក្រីក្រ។ ការអប់រំមានគ្រប់ទម្រង់ អ្នកខ្លះនឹងមានឱកាសចូលរៀននៅសាកលវិទ្យាល័យ ហើយអ្នកខ្លះប្រហែលជាចាប់ផ្តើមការងារនៅវ័យក្មេងបន្តិច។ នេះគឺជាការបណ្តុះបណ្តាលជីវិតពិត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏វាមិនគួរមានកត្តាណាដែលបញ្ឈប់យើងពីការរៀនសូត្រនោះទេ។
សព្វថ្ងៃនេះ មានវគ្គបង្រៀនជាច្រើនដែលឲ្យយើងទុកចិត្តបាន និងការបណ្តុះបណ្តាលច្រើនទៀតតាមប្រព័ន្ធអនទ្បាញ។ វគ្គខ្លះគឺមិនចាំបាច់បង់ប្រាក់ក្នុងការសិក្សានោះទេ។ សូមកុំគិតថាអ្នកចាស់ពេកក្នុងការរៀនបន្ត។ សូមបន្តរៀន និងបន្តអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរ។ តាមរយៈការទទួលបានចំណេះដឹងថ្មីៗ អ្នកនឹងបើកទ្វារទៅរកឱកាសថ្មីៗ។ ភាពជោគជ័យកើតមានចំពោះអ្នកដែលតែងតែមានឆន្ទៈក្នុងការរៀនសូត្រ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់បន្ថែមថា សូមកុំរៀន ព្រោះអ្នកត្រូវបានប្រាប់ឱ្យរៀន។ សូមសិក្សា ពីព្រោះពុទ្ធិគឺជាអំណាច ហើយគ្មាននរណាម្នាក់អាចយកវាចេញពីខ្លួនអ្នកបានទេ។ សិក្សា ព្រោះអ្នកត្រូវការចំណេះដឹងមិនអាចអត់បាន។ សិក្សា ព្រោះអ្នកចង់យល់ដឹងបន្ថែម។ សិក្សា ព្រោះចំណេះដឹងនឹងជួយអ្នកក្នុងជីវិត។ សិក្សា ព្រោះការរៀនសូត្រនឹងធ្វើឲ្យអ្នករីកចម្រើនក្លាយជាមនុស្សល្អជាងមុន៕