ផ្សារទំនើបសុវណ្ណា ដែលជាផ្សារទំនើបចាស់វស្សារមួយរបស់កម្ពុជា ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ បានបិទទ្វារជាបណ្តោះអាសន្ន តាំងពីខែកញ្ញា ឆ្នាំ២០១៩ ហើយរហូតមកដល់បច្ចុប្បន្ននេះ ផ្សារទំនើបមួយនេះ នៅមិនទាន់បើកទ្វារវិញនោះទេ។

លោកស្រី ជា សុខហៀក នាយិកាប្រតិបត្តិផ្សារទំនើបសុវណ្ណា ធ្លាប់បានបញ្ជាក់ កាលឆ្នាំ២០១៩ ថា ការបិទទ្វារបណ្តោះអាសន្ននេះ គឺដើម្បីដំណើរការនៃការជួសជុល និងការអភិវឌ្ឍឡើងវិញ ឱ្យស្របទៅតាមតម្រូវការប្រកួតប្រជែងទីផ្សារក្នុងពេលបច្ចុប្បន្ននេះ ជាមួយនឹងការបោះទុនបន្ថែម និងផ្លាស់ប្តូររចនាបថថ្មីមួយចំនួន។ កន្លងមក ក្រុមហ៊ុន OCIC ក៏ធ្លាប់បានបោះទុន ៥លានដុល្លារក្នុងការជួសជុល ផ្សារទំនើបសុរិយា កាលពីឆ្នាំ២០១៦ និងត្រូវសម្ពោធឡើងវិញនៅឆ្នាំ២០១៧ ហើយត្រូវបានប្តូរឈ្មោះថ្មីថា Sorya Center Point ផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ចូលមកដល់នៃវត្តមានរបស់ផ្សារទំនើបបរទេសធំៗ ដែលបាននិងកំពុងពង្រីកខ្លួនជាបន្តបន្ទាប់នៅកម្ពុជា បានធ្វើឱ្យផ្សារទំនើបក្នុងស្រុកមួយចំនួន ត្រូវប្រឈមនឹងការបាត់បង់ចំណែកទីផ្សារ។ យ៉ាងណាមិញ ដោយសារតែក្រុមហ៊ុនលោក មានគំនិតអភិរក្សនិយមខ្លាំងពេក បានធ្វើឲ្យគំនិតនេះហួសសម័យ និងបានធ្វើឲ្យផ្សារទំនើបមួយចំនួនរបស់លោក បានបាត់បង់អតិថិជនរបស់ខ្លួនមួយផ្នែកធំ។ ដូច្នេះហើយទើប ក្រុមហ៊ុនរបស់លោក សម្រេចចិត្តបោះទុនវិនិយោគបន្ថែម និងបានអញ្ជើញអ្នកឯកទេសខាងរចនាជាច្រើន ដើម្បីសាងសង់រចនាបថថ្មី តម្រូវតាមសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្ន និងអនាគត។

តាមពិតទៅ ផ្សារទំនើបសុវណ្ណ ពុំមានគម្រោងបិទទ្វារច្រើនឆ្នាំនោះទេ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានផ្ទុះឡើង ទើបធ្វើឱ្យដំណើរការស្ថាបនានេះ ត្រូវបានអូសបន្លាយពន្យាពេលកាន់តែយូរមកដល់បច្ចុប្បន្ន។ លោកស្រី ជា សុខហៀក បានឱ្យដឹងកាលខែឧសភា ឆ្នាំ២០២២នេះថា ផ្សារសុវណ្ណា តាមពិតទៅដើមឡើយ ក្រុមហ៊ុនមានគម្រោងកែលម្អវាឡើងវិញ ប៉ុន្តែដោយសារស្ថានភាពកូវីដ យើងក៏បានផ្អាកមួយរយៈ ហើយឥឡូវនេះស្ថានភាពកូវីដ មានការធូរស្រាលឡើងវិញ ដូច្នេះថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងកំពុងរៀបចំសិក្សាផែនការដើម្បីកំណែទម្រង់ផ្សារសុវណ្ណាឡើងវិញ ហើយបើពុំមានអ្វីប្រែប្រួលទេ ផ្សារសុវណ្ណា អាចនឹងបើកដំណើរឡើងវិញឆាប់ៗខាងមុខនេះ។

ផ្សារទំនើបសុវណ្ណ គឺជាគម្រោងផ្សារទំនើប ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ជាភាគហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា និងបានវិនិយោគទៅលើផ្សារទំនើបសូរិយា, ផ្សារទំនើបសុវណ្ណា, ផ្សារទំនើបរតនាផ្លាហ្សា ដែលសុទ្ធសឹងជាផ្សារទំនើបចាស់វស្សារក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះក្រុមហ៊ុនក៏បានវិនិយោគលើផ្សារទំនើបមួយទៀតផងដែរ គឺផ្សារទំនើបអូឡាំព្យា។

ផ្សារទំនើបសុវណ្ណា មានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានកម្ពស់៥ជាន់ មានទំហំសរុបប្រហែល ១១,១៨៤ ម៉ែត្រការ៉េ លាតសន្ធឹងលើផ្ទៃដីចំនួន ៥០,០០០ ម៉ែត្រ ការ៉េ ហើយមានចំណតចំនួន ៤០០ កន្លែង។ ផ្សារទំនើប សុវណ្ណា បើកនៅក្នុងឆ្នាំ ២០០៨ ដោយទំហំធំជាងផ្សារទំនើបសូរិយាចំនួនប្រមាណ ២០ ភាគរយ៕