អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច
អាស៊ាន ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីប្រគល់ពានរង្វាន់និងអាហារពេលល្ងាច នៃវេទិកាថ្នាក់ដឹកនាំនិងដៃគូអាស៊ានឆ្នាំ២០២២ នៅថ្ងៃអាទិត្យទី១១ ខែកញ្ញានេះ។

ពិធីប្រគល់ពានរង្វាន់នេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានKSI និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការសហប្រជាជាតិ ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានអប់រំ និងវិនិយោគិនមកពីប្រទេសសមាជិក អាស៊ាន និងដៃគូអាស៊ានជាច្រើនរូប។

ថ្លែងនៅក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានចូលរួមអបអរសាទរដល់ជ័យលាភីពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ (ASEAN Lifetime Achievement Awards) ដែលបានវិនិយោគ និងចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងបង្ហាញជាគម្រូ នៃភាពជាដៃគូអាស៊ាន។


សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមពិធីប្រកាសជាផ្លូវការនូវ “ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២” ។
ថ្លែងក្នុងឱកាសប្រកាសបើកជាផ្លូវការនោះ អ្នកឧកញ៉ាក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ នឹងចាប់យកឱកាសនៃការធ្វើបរិវត្តកម្មឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពធន់រឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម និងពង្រីកសក្តានុពលនៃទីផ្សារខាងក្នុងអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែទូលំទូលាយ តាមរយៈការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលអាស៊ានមានស្រាប់ ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បន្ថែមទៀត។
គួររំលឹកថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជា និងអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងបញ្ចប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាប្រកបដោយភាពជោគជ័យ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក៕

