អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា នរណាក៏មានឱកាសជោគជ័យដែរ។ លោកថា ភាពជោគជ័យកើតចេញពីការមិនប្រងើយកន្តើយចំពោះកំហុស និងភាពបរាជ័យរបស់ខ្លួន ។
អ្នកឧកញ៉ាបញ្ជាក់ថា៖ «ពេលខ្លះ នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត យើងប្រហែលជាគិតថា មានតែអ្នកមានសំណាងប៉ុណ្ណោះដែលទទួលបានឱកាសល្អបំផុតក្នុងជីវិតនេះ» ។
លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយនរណាម្នាក់អាចជួបប្រទះនូវឱកាសជាច្រើន នៅពេលដែលអ្នកធ្វើការងារដើម្បីឈានទៅរកកន្លែងត្រឹមត្រូវ នៅក្នុងពេលវេលាត្រឹមត្រូវមួយ។ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា៖ «អ្នកមិនចាំបាច់ជាមនុស្សអស្ចារ្យ ដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យនោះទេ ។ អ្នកគ្រាន់តែត្រូវទទួលយកភាពបរាជ័យរបស់អ្នក ហើយយកភាពជាម្ចាស់ការលើទេពកោសល្យរបស់អ្នក រួចបន្តអនុវត្ត និងសិក្សាបន្ថែម» ។
អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរូបនេះបញ្ជាក់បន្ថែមថា៖ «ភាពជោគជ័យមួយនឹងនាំមកនូវភាពជោគជ័យជាច្រើនទៀត ប៉ុន្តែវាជាការសំខាន់មិនត្រូវព្រងើយកន្តើយចំពោះកំហុស និងការបរាជ័យនោះឡើយ ដូចដែលមានសម្តីអនាមិកម្នាក់បានលើកឡើងថា អ្នកអាចរកឃើញនូវអាថ៌កំបាំងជោគជ័យជាច្រើននៅក្នុងរាល់ការបរាជ័យរបស់អ្នក ។ មិនមានផ្លូវវាងណា ដើម្បីធ្វើឱ្យអ្នកមានសំណាងប្រសើរជាងមុននោះទេ ។ មានតែការខិតខំប្រឹងប្រែង ដើម្បីបន្តការអភិវឌ្ឍ ការរៀនសូត្រប្រកបដោយនិរន្តរភាពតែប៉ុណ្ណោះ ដែលអាចត្រួសត្រាយផ្លូវរបស់អ្នកទៅកាន់ឱកាសដ៏ល្អៗតទៅមុខទៀត» ។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានដកស្រងបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ជាច្រើនឆ្នាំមកនេះ លោកបានជ្រើសរើសបុគ្គលមានទេពកោសល្យ ដែលពួកគេម្នាក់ៗមានលក្ខណៈពិសេស និងនាំមកនូវបទពិសោធន៍ដ៏មានតម្លៃ ។ បុគ្គលិកខ្លះបានបំពេញការងារនៅក្រុមហ៊ុនលោកអស់រយៈពេលជាងមួយទសវត្សរ៍ និងអ្នកខ្លះទៀតបានធ្វើការងារ រយៈពេល ២៥ ឆ្នាំមកហើយ ។
បើតាមអ្នកឧកញ៉ា ការរីកចម្រើនមិនមែនកើតឡើងដោយសំណាងទាំងស្រុងនោះទេ ប៉ុន្តែជាការរួមផ្សំលក្ខណៈ សម្បត្តិបុគ្គលដែលរួមមាន អាកប្បកិរិយាវិជ្ជមាន ភាពស្មោះត្រង់ ការតស៊ូ និងភាពស្វិតស្វាញ ក្នុងការធ្វើជាបុគ្គលឯករាជ្យម្នាក់ និងជាមនុស្សដែលគេអាចពឹងពាក់បាន ។ «វាគឺជាលក្ខណៈសម្បត្តិនៃការធ្វើជាខ្លួនឯងថា តើអ្នកជានរណា ដែលអាចបង្កើតគុណតម្លៃបន្ថែមដល់ក្រុមហ៊ុន បរិស្ថានជុំវិញខ្លួន និង សហគមន៍ដែលអាចបើកឱកាសកាន់តែច្រើនដល់អ្នក» ៕