អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ធុរកិច្ចអាស៊ីខាងកើត បានលើកឡើងថា កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតសម្រាប់ឆ្នាំ២០២២នេះ គឺជាការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ។ ការលើកឡើងរបស់អ្នកឧកញ៉ាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥ កាលពីថ្ងៃទី១៦ ខែកញ្ញានេះ ពីខេត្តសៀមរាប។
ថ្លែងក្នុងកិច្ចប្រជុំនោះ អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា មូលបទរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតសម្រាប់ឆ្នាំនេះ គឺការតភ្ជាប់អាស៊ីខាងកើតឡើងវិញ សម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ប្រកបដោយថាមពល បរិយាប័ន្ន និងចីរភាព ដូច្នេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតត្រូវផ្តោតលើ កិច្ចការអាទិភាពចំនួន៣៖
១៖ សម្របសម្រួលនិងជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់
២៖ ទាញយកប្រយោជន៍ជាអតិបរមាពីនវានវត្តន៍ឌីជីថល
និង ៣៖ កសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ដែលធន់នឹងវិបត្តិសម្រាប់ធុរកិច្ចក្នុងតំបន់។
បន្ទាប់ពីបានពិភាក្សាគ្នាលើរបៀបវារៈនីមួយៗ។អង្គប្រជុំ ក៏បានឯកភាពជាគោលការណ៍ទៅ លើរបាយការណ៍ដែលត្រូវដាក់ជូន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី។
ក្រុមប្រឹក្សានេះ មានកាតព្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដាក់ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ដើម្បីពិនិត្យនិងពិចារណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនទាំងធុរកិច្ចនិងវិនិយោគ រវាងប្រទេសសមាជិក អាស៊ាន ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ៕