កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ លោក កាំង ហុក ម្ចាស់ក្រុមហ៊ុន អឺបេនលែន (Urbanland) កូនប្រុសបង្កើតរបស់ឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកជំទាវ ឃុន ហៀង ដែលជាស្ថាបនិកក្រុមហ៊ុនសម្ព័ន្ធ ISI Group បានប្រកាសពីគម្រោងពង្រីកសាខាផ្សារទំនើប ខេ ម៉ល ទី២ គឺផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Pek Thnoat) ដែលជាការអភិវឌ្ឈន៍គម្រោងផ្សារទំនើបធំទូលាយថ្មីមួយទៀត នៅក្នុងតំបន់ព្រែកត្នោត នាពេលឆាប់ៗ។
ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២៣ ដោយគ្រោងបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០២៤ លើដីទំហំជាង ៨០០០ ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ជាប់នឹងបុរីចន្ទគីរី (Borey Chankiri) ហើយក៏ជាគម្រោងថ្មីមួយទៀតបង្កើតឡើងដោយក្រុមហ៊ុនឈ្នះពានរង្វាន់ អឺបេនលែន (Urbanland)។
ផ្សារទំនើបថ្មីនេះ បានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី Lucky Supermarket ប្រោនកាហ្វេ BROWN និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗជាច្រើនទៀតនឹងចូលរួមជាបន្តបន្ទាប់នាពេលអនាគត។
ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងមានបង្កើតជាទីកន្លែងសម្រាប់ជួបជុំគ្នាជាសាធារណៈ ផ្លាហ្សាបើកចំហធំទូលាយ ផ្សារតូបតូចៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបរីករាយផ្សេងៗទៀត ព្រមទាំងជាគោលដៅដ៏ល្អឥតខ្ចោះ សម្រាប់ការទិញទំនិញប្រចាំថ្ងៃ និងការកម្សាន្តជាមួយក្រុមគ្រួសារ និងការជួបជុំមិត្តភក្តិ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អឺបេនលែន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ ដែលបានអភិវឌ្ឍគម្រោងផ្សារទំនើប ខេ ម៉ល (K Mall) ជាផ្សារទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង និងបានបើកកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានជោគជ័យនៅគម្រោងទី១នេះ ទើបលោក កាំង ហុក អាចឈានដល់ការពង្រីកសាខាថ្មីជាបន្តទៀត៕