ពាណិជ្ជករចាស់វស្សា ឬអាចនិយាយម្យ៉ាងថាជាខ្សែប្រយុទ្ធសេដ្ឋកិច្ចដ៏សំខាន់នាពេលកន្លងទៅដែលបានចូលរួមវិនិយោគបណ្តាក់ទុនជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលេចធ្លោរមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។
លោក ទ្រី ភាព ចាប់ផ្ដើមជីវិតឡើងនៅក្នុងគ្រួសារកសិករក្រីក្រមួយនៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុននឹងឈានមកដល់ការមានទ្រព្យស្តុកស្តម្ភដូចបច្ចុប្បន្ននេះ លោកបានហែលឆ្លងកាត់នូវការលំបាកជាច្រើនរាប់មិនអស់ក្នុងជីវិត។ ចាស់ព្រឹទ្ធាចារ្យក្នុងឃុំត្បែងម្នាក់បង្ហើបឲ្យដឹងថា ដើម្បីចិញ្ចឹមជីវិត លោក ទ្រី ភាព ធ្លាប់ធ្វើជាអ្នកឡើងត្នោត រត់រ៉ឺម៉ក ព្រូឡាន… ធ្វើជាយុទ្ធជន។ល។ តែដោយការមានភាពម៉ឹងម៉ាត់ម៉ត់ចត់ក្នុងការងារ និងជីវិត លោកបានកសាងខ្លួនឱ្យឡើងជាបន្តបន្ទាប់។
អ្នកជំនួញនៅកម្ពុជាមួយចំនួនធ្លាប់បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ពីបុគ្គលិកលក្ខណៈអ្នកឧកញ៉ា ទ្រី ភាព យ៉ាងដូច្នេះថា លោក (ទ្រី ភាព) ជាអ្នកមានចក្ខុវិស័យវែងឆ្ងាយ និងមើលឃើញច្បាស់លាស់ពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចជាតិកម្ពុជា។ ហេតុដូច្នេះហើយ លោកបានធ្វើការវិនិយោគច្រើនផ្នែកច្រើនវិស័យ ដូចជា កសិ-ឧស្សាហកម្ម ផែស្ងួត ចំការម្រេច ចំការកៅស៊ូ ទេសចរណ៍ ប្រេង តំបន់សេដ្ឋកិច្ចពិសេស រោងចក្រកែច្នៃកសិផល កាស៊ីណូ សណ្ឋាគារ រីសត ស្ថាបត្យកម្ម។ល។
បើតាមរបាយការណ៍សាវតារ ក្រុមហ៊ុន ទ្រី ភាព បង្ហាញថា ការវិនិយោគរបស់អ្នកឧកញ៉ា ទ្រី ភាព មាននៅក្នុងខេត្តនានាចំនួន ១១រាជធានី-ខេត្ត នៃប្រទេសកម្ពុជា ជាពិសេសគឺការវិនិយោគនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម និងថៃ ដោយបានប្រែក្លាយតំបន់ស្ងាត់ជ្រងំទៅជាទីប្រជុំជន ប្រែក្លាយចំការមីនដែលគ្មានអ្នកណាហ៊ានទៅក្បែរឱ្យទៅជាចំការដំណាំកសិ-ឧស្សាហកម្ម។ល។
ការបង្កើតប្រាក់ចំណូលរបស់ក្រុមហ៊ុន ទ្រីភាព ដែលបង់ពន្ធចូលរដ្ឋ ក្រៅពីនេះ អ្នកឧកញ៉ាក៏បានកសាងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ជាច្រើនផងដែរ ហើយក៏បានបរិច្ចាគប្រាក់កាស និងសម្ភារៈផ្ទាល់ខ្លួនជាច្រើនដល់កាកបាទក្រហមកម្ពុជា កងទ័ពកម្ពុជា ជនក្រីក្រជាដើម។
ក្នុងអនុក្រឹត្យចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ទ្រី ភាព និងភរិយា គឺឧកញ៉ា គៀង ស្រីនាង ដែលជាអគ្គនាយកក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួមទាំងក្រុមហ៊ុនច្រើនទៀត។
ទន្ទឹមនឹងនោះដែរ អ្នកឧកញ៉ា ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រាប់កាសែតក្នុងស្រុកពេលកន្លងទៅ អ្នកឧកញ៉ា ទ្រី ភាព ធ្លាប់បានលើកឡើងថា ទម្រាំឈានដល់ភាពជោគជ័យជាកូនខ្មែរមួយរូបជីវិតរបស់ខ្ញុំបើរៀបរាប់ទៅវាលំបាកណាស់។ ខ្ញុំឡើងដើមត្នោតទ្រូងខ្ញុំរបកអស់ហើយ។ ខ្ញុំឡើងគេឲ្យ ១ ដើម ៣ រៀលលុយខ្មែរអ៊ីចឹងកសិករសុទ្ធកាប់បង្អោងឡើងដើមត្នោតធ្វើស្រែធ្វើស្រូវការរំឭករឿងដើមធ្វើឲ្យខ្ញុំនឹកឃើញរឿងសែនអភ័ព្វតែអ័ភ័ព្វលំដាប់ថ្លៃថ្លៃដោយសារការរុងរឿងរបស់ខ្ញុំ។
អ្នកឧកញ៉ាបន្ថែមថា ការតស៊ូរបស់ខ្ញុំផ្ទាល់កើតជាកិត្តិយសគោរមងារជាឧកញ៉ាទ្រីភាពនេះហើយបង្កើតជាក្រុមហ៊ុនទ្រីភាពគ្រុបនេះគឺនឹកគុណមហាអំណាចទាំងពីរសម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនគាត់បណ្តុះបណ្តាលខ្ញុំតាំងពីដើមដល់ចប់ ការជោគជ័យរបស់ក្រុមហ៊ុន ទី្រភាព គ្រុបនោះជាការជោគជ័យរបស់៧មករាមានថ្ងៃ៧មករាទើបបានធ្វើឲ្យទី្រភាពឈរជើងដោយមានគោរមងារឧកញ៉ាទ្រីភាព និងក្រុមហ៊ុនទ្រីភាពគ្រុបរហូតមកដល់សព្វថ្ងៃនេះ៕