កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia បញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមួយរូប ដែលបានសម្រាលកូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ យេត ស្រីនាថ អាយុ១៩ឆ្នាំ សម្រាលកូនដោយខ្លួនឯង នៅវេលាម៉ោង ៦:០០នាទីព្រឹក នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ប៉ុន្តែត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ដព្រះសីហនុដោយសុវត្ថិភាពហើយ។ លោកឧកញ៉ា ក៏សូមជូនពរឱ្យក្មេងតូចដែលទើបនឹងកើត ឱ្យមានសុខភាពល្អផងដែរ។

សូមជម្រាបជូនថា ឧកញ៉ា ទៀ វិចិត្រ ដែលមានតួនាទីជាប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ តែងតែបញ្ចេញអូប័រល្បឿនលឿន ទៅជួយជនរងគ្រោះនៅលើកោះនានា នៃខេត្តព្រះសីហនុ ជាញឹកញាប់។ យ៉ាងណាមិញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកក៏បានបញ្ជូនអូប័រពេទ្យ ចេញទៅទទួលយកបុរសម្នាក់ជាកម្មករសំណង់ ដែលបានជួបគ្រោះថ្នាក់ ថ្មបាក់សង្កត់ជើង បណ្តាលឱ្យបាក់ជើងខាងស្តាំ នៅកោះរ៉ុង រួចបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះជាបន្ទាន់៕

