សណ្ឋាគារលំដាប់ពិភពលោក ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ (Fairfield by Marriott) របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអាមេរិក ត្រៀមនឹងបើកដំណើរការ នៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ នេះបើតាមការបង្ហើបឱ្យដឹងពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប។
សណ្ឋាគារលំដាប់ពិភពលោក Fairfield by Marriott ជាសណ្ឋាគារលំដាប់ផ្កាយ៣ មានទីតាំងស្ថិតនៅលើអគារ ៤៥ជាន់ ជីប ម៉ុង ថៅវើ តម្លៃ ២៣០លានដុល្លារ ដែលកំពុងលេចខ្ពស់ត្រដែតដ៏ស្កឹមស្កៃ នៅតំបន់ទួលគោក រាជធានីភ្នំពេញ។ រីឯសណ្ឋាគារនេះ នឹងនៅជាន់ទី១៩ឡើងលើ មានបន្ទប់ស្នាក់នៅ ៣០០បន្ទប់ ដែលអាចគយគន់ទេសភាពទីក្រុងភ្នំពេញ ពីលើអាកាសបានយ៉ាងស្រស់ស្អាត។ ក្រៅពីបន្ទប់គេង សណ្ឋាគារ Fairfield by Marriott ក៏មានសាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត ខណៈដែលជាន់ក្រោម ក៏មានផ្សារទំនើប ជីប ម៉ុង ផងដែរ។
អ្នកឧកញ៉ា លាង ឃុន បានបញ្ជាក់ឱ្យដឹងថា ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោក ក្រុមហ៊ុន ជីប ម៉ុង ពិតជារំភើប ដែលសណ្ឋាគារ Fairfield by Marriott ដំបូងគេនៅកម្ពុជា នឹងលេចជារូបរាងឡើងក្នុងពេលឆាប់ៗនេះ។ អ្នកឧកញ៉ាបានបន្ថែមថា វត្តមានរបស់សណ្ឋាការនេះ នឹងជាសក្ខីភាពឆ្លុះបញ្ចាំងពីការអភិវឌ្ឍឥតឈប់ឈរ និងការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងវិស័យបដិសណ្ឋារកិច្ច វិស័យទេសចរណ៍ ជាពិសេសនឹងក្លាយជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងធុរកិច្ច ជាពិសេសសម្រាប់ព្រឹត្តិការណ៍កីឡាស៉ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា សណ្ឋាគារ Fairfield by Marriott ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្បែរស្ពានអាកាសប្រាំមករា កំពុងសាងសង់ជិតរួចរាល់ហើយ ខណៈដែលគម្រោងនេះកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Marriott International កាលពីឆ្នាំ២០១៧ និងបានចាប់ផ្ដើមការដ្ឋានសាងសង់នៅឆ្នាំ២០១៩៕