ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមេដាយ និង គោរមងារ “ដាតុ” ពីសម្តេចហាជ្ជី Abdul Taib Mahmud ប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមជម្រាបថា សម្តេចប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី បានផ្តល់ជូននូវមេដាយ ថ្នាក់ Panglima Gemilang Bintang Kenyalang និង គោរមងារ “ដាតុ” នៃរដ្ឋសារ៉ាវ៉ាក់ ដល់ឯកឧត្តម ឧកញ៉ាទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ តាំងពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មកម៉្លេះ។ ដោយសារបញ្ហាកូវីដ ១៩ ទេីបទេសរដ្ឋមន្ត្រីខកខានមិនបានទៅទទួលរហូតដល់ពេលនេះ។

កំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ី ឧកញ៉ាទេសរដ្ឋមន្ដ្រី នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន អង្គការមនុស្សធម៌នានា ជាពិសេសផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និង ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
តាមការគ្រោងទុក ទេសរដ្ឋមន្ត្រី នឹងវិលនិវត្តមកដល់កម្ពុជាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២៕



