ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 យល់ថា ការឱ្យតម្លៃលើអ្នកមានលុយ និងអ្នកមានសម្ភារៈនិយម គឺខ្មែរយើងមានជាយូរមកហើយ អាចថាតាំងពីឆ្នាំ១៩៩០ ជាងមកម្ល៉េះ។
លោកឧកញ៉ា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែកញ្ញា យ៉ាងដូច្នេះថា ភ្ជុំបិណ្ឌកាលពីឆ្នាំ១៩៩០ជាង បើមាននរណាមកពីភ្នំពេញជិះម៉ូតូ Honda មកស្រុកកំណើត ហើយមានម៉ាញ៉េ SONY យកមកជាមួយទៀត គឺថាដណ្តឹងកូនក្រមុំអ្នកណាក្នុងភូមិក៏គេលើកឱ្យដែរ។ លោកឧកញ៉ា បន្ថែមថា ដូចនេះអ្នកមានលុយ មានសម្ភារៈនិយម គឺមានប្រៀបលើមនុស្សធម្មតាយូរហើយ មិនមែនទើបពេលនេះទេ ហើយការឱ្យតម្លៃអ្នកមានលុយ ឬមនុស្សសម្ភារៈនិយម ក៏ខ្មែរយើងមួយចំនួនធំឱ្យតម្លៃយូរហើយដែរ។
អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា បន្ទាប់ពីសម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការ ក្រោយរួមរស់ក្នុងទ្រនំមួយនេះ ជាង៣ឆ្នាំកន្លងទៅ។ បន្ទាប់មកទៀត លោកក៏ទើបប្រកាសលក់ដីគម្រោងដំបូងរបស់លោក ចំនួនបីទៅបួនកន្លែងផងដែរ។ លោក យឹម តាស្រង់ ត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕