នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឯសាលមហាសន្និបាត ២០២១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កម្មវិធីជាប្រវត្តិសាស្ត្រខាងលើនេះ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីឧកញ៉ាមួយចំនួនផងដែរដូចជា ឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាផលិតករក្នុងការដឹកនាំផលិតភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត», ឧកញ៉ា អ៊ឹង លីហេង ផលិតករដឹកនាំផលិតភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត», អ្នកឧកញ៉ា ឡេង ប្រុស រួមទាំងមានវត្តមានឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងល្បីៗជាច្រើនទសវត្សផងដែរ។

សូមជម្រាបជូនថា កម្មវិធីសម្ពោធផ្សព្វផ្សាយជាសាធារណៈនៃភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» នេះ មានអ្នកចូលរួមផ្ទាល់ប្រមាណ ២០០០នាក់។ បើតាមរបាយការណ៍របស់លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ឱ្យដឹងថា ភាពយន្តចម្រៀងនេះ ចំណាយថវិកាផលិតអស់ជាង ១២ម៉ឺនដុល្លារ ដែលចំណាយពេលលើការផលិតជិត ១ឆ្នាំ ហើយក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ឯ.ក បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឱ្យការផលិត៕




