លោក ទ្រី ដាលុច គឺជាយុវវ័យកើតក្រោយសម័យប៉ុលពត ស្ថិតក្នុងត្រកូលគ្រួសារអភិជនមួយនៅកម្ពុជាដែល្បីល្បាញក្នុងពិភពជំនួញ។ ទ្រី ដាលុច ជាកូនប្រុសទី១ ស្ថិតក្នុងចំណោមបងប្អូន៥នាក់របស់អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប។

លោកជាយុវវ័យដែលត្រូវបាននាយករដ្ឋមន្រ្តីទូលថ្វាយព្រះមហាក្សត្រ ហើយប្រមុខរដ្ឋស្តីទីសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៥ ជាមួយនឹងលោក លាង ច័ន្ទមុនី និងលោក អ៊ុត គឹមសាន។

ជាមួយគ្នានេះដែរ ឧកញ៉ា ទ្រី ដាលុច ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី ហេងសំរិន និងអនុប្រធានយុវជនស្រុកកណ្តាលស្ទឹង និងជាអនុប្រធានក្រុមការថ្នាកជាតិចុះជួយ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បច្ចុប្បន្នលោកឧកញ៉ា ជាខ្សែប្រយុទ្ធដ៏សំខាន់ក្នុងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ខណៈលោកកាន់ដំណែងជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។
តាមប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា ឧកញ៉ា ទ្រី ដាលុច គឺជាអ្នកស្នងដំណែងរបស់អ្នកឧកញ៉ា ទ្រី ភាព ក្នុងការដឹកនាំក្រុមហ៊ុន ស្របពេលលោកកំពុងដើរតាមដានជើងលោកឪពុកទាំងវិថីជំនួញ និងកិច្ចការងារសង្គម៕
