ឧកញ៉ា គួច ម៉េងលី៖កុំក្អេងក្អាងពេក ក្រែងបាក់អំនួត ដូចត្រីនឹងជុច

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ពេលខ្លះអំនួត បើយើងប្រើត្រូវកាលវានឹងក្លាយទៅជារឿងល្អ ប៉ុន្តែពេលខ្លះបើយើងប្រើខុសកាល ក៏មិនល្អដែរ ហើយថែមទាំងនាំឱ្យមាន​បញ្ហាទៀតផង។ តើយើងគួរអួតពេលណាដើម្បីឱ្យត្រូវកាល? គឺពេលទៅដាក់ពាក្យសុំធ្វើការងារ ពេលទៅជួបអតិថិជន ឬពេលជួបដៃគូសហការជំនួញជាដើម។ ពេលហ្នឹងបើយើងពូកែអួត នោះយើងនឹងអាចទទួលបានផលល្អច្រើន ប៉ុន្តែត្រូវអួតឱ្យមានបែបផែន កុំ​អួតហួសពីសមត្ថភាពឱ្យសោះ ព្រោះវានឹងនាំឱ្យយើងបរាជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យើងអាចសិក្សាអំពីអំនួត តាមរយៈល្បើកប្រជាប្រិយរបស់ខ្មែរយើង​គឺរឿង ជុចនិងត្រី។ ត្រីពេលបានជួបជុច បែរជាមានអំនួតថា ខ្លួននឹងបុកបំប៉ើងទម្លុះទម្លាយជុចឱ្យដូចជាធូលី និងផេះផង់ តែទីបំផុត​ខ្លួនត្រូវជាប់ជុច ងាប់យ៉ាងវេទនា។ ការអួតដូចត្រីរ៉ស់ យើងអាចហៅថាអួតត្រូវកាល ប៉ុន្តែវាហួសពីសមត្ថភាព ដែលក្លាយទៅជាការប្រមាថទៅវិញ ធ្វើឱ្យខ្លួនឯងវិនាសអន្តរាយ។

នៅក្នុងសង្គមមនុស្សយើង អ្នកខ្លះចូលចិត្តអួតក្អេងក្អាង អឿស៊ីយេ នៅពេលខ្លួនធ្វើអ្វីមួយបានជោគជ័យ ឬរៀនបានច្រើន ចេះស្ទាត់​លើជំនាញអ្វីមួយ។ អ្នកខ្លះទៀតអាងខ្លួនមានជំនាញ អួតនេះអួតនោះ ថាកិច្ចការនេះខ្លួនធ្វើតែមួយភ្លែត ឬខ្លួនអាចធ្វើបានដោយងាយ មិនចាំបាច់គិតគូរ ឬស្រាវជ្រាវច្រើន តែដល់ពេលធ្វើក៏តាំងរដាក់រដុប ធ្វើមិនកើត មិនដូចជាអ្វីដែលខ្លួនបាននិយាយ។ ការពិតភាពជោគជ័យមិនស្ថិតស្ថេរប៉ុន្មានទេ វាអាចនឹងបាត់បង់ទៅ​វិញនៅពេលណាមួយ ឬនៅពេលណាដែលយើងធ្វេសប្រហែស។ ដូច្នេះទោះបីជោគជ័យកម្រិតណា ឬចេះកម្រិតណាក៏ដោយ យើងគួរកុំក្អេងក្អាង ក្រអឺតក្រទម កុំអឿស៊ីយេ កុំពើងទ្រូងខ្លាំងពេក ព្រោះក្រែងបាក់អំនួតដូចត្រីក្នុងជុច។

បើចង់រក្សាគុណតម្លៃ ប្រជាប្រិយភាព និងផ្លូវជីវិតឱ្យស្រស់បំព្រង យើងគួរចេះដាក់ខ្លួន ឱនលំទោន ទន់ភ្លន់ និងបន្ទាបខ្លួនខ្លះទៅ។ ម្យ៉ាងទោះបីយើងចេះក៏ដោយចុះ ពេលខ្លះធ្វើជាល្ងង់សួរគេមួយម៉ាត់ក៏មិនខុសទាស់អ្វីដែរ។ ដូចឃ្លាមួយគេពោលឡើងថា “មនុស្សឆ្លាតកាន់តែឆ្លាតព្រោះធ្វើល្ងង់ មនុស្សល្ងង់កាន់តែល្ងង់ព្រោះធ្វើចេះ”។ ចំណែកខ្ញុំតែងនិយាយទៅកាន់បុគ្គលិកខ្ញុំថា “ខ្ពស់ណាស់ទាបណាស់ ទាប​ណាស់សំខាន់ណាស់ ចេះណាស់មានន័យណាស់”៕

ខ្លឹមសារ​ទាំង​ស្រុង​ដោយ៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ប្រភព៖MJQ University Press