អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានទទួលគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ (The Order of the Rising Sun. Gold Rays With Neck Ribbon) ប្រទានដោយព្រះចៅអធិរាជជប៉ុន និងបានរៀបចំពិធីប្រគល់ទទួល នៅក្រុងសៀមរាប កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
ក្នុងពិធីប្រគល់និងទទួលខាងលើ ស្ថិតក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា, លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងខាងភាគីជប៉ុន គឺមានលោក កាស៊ូយូគិ ណាកាណិ (Kazuyuki Nakane) សមាជិកសភា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា, លោក ណាអូគី មីតូរី (Naoki Mitori) កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប, លោក យូស៊ូកិ កាណារិ (Yusuke Kannari) ប្រធានក្រុមហ៊ុន ហ្កិងហ្គី គ្រុប, រួមនិងវត្តមានរបស់លោក លោកស្រី ជាគណៈអភិបាលខេត្ត ប្រធាន/សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល និង ប្រធានក្រុមប្រឹក្សាក្រុង/ស្រុក ប្រធានមន្ទីរជុំវិញខេត្ត អាជីវករភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជា ២០០នាក់ ដែលបានរៀបចំនៅសណ្ឋាគារ សូហ្វីតែល ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកឧកញ៉ា សៀង ណាំ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា មូលហេតុធំៗដែលធ្វើឱ្យលោកទទួលបានគ្រឿងឥស្សរិយយសនេះ គឺដោយសារលោកបានរួមចំណែកច្រើនក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-ជប៉ុន) កាន់តែរឹងមាំ រីកចម្រើន និងស្ថិតស្ថេរយូរអង្វែង ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមក។ ជាពិសេសលើការងារមនុស្សធម៌ជាមួយជនជាតិជប៉ុនដូចជា៖
១. កាលឆ្នាំ១៩៩៦ លោកបានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឱ្យអនុញ្ញាតបើកសាលា យ៉ាម៉ាម៉ូតុ មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន នៅខេត្តសៀមរាប ដែលសិស្សម្នាក់ត្រូវរៀន២ឆ្នាំលើជំនាញមគ្គុទេសទេសចរណ៍ភាសាជប៉ុន ហើយរហូតមកដល់បច្ចុប្បន្នបណ្តុះបណ្តាលបានជាង ៥០០ ទៅ ៦០០នាក់។
២. ព្រឹត្តិការណ៍វិបត្តិផ្ទៃក្នុងកាលថ្ងៃទី ៥-៦ កក្កដា ១៩៩៧៖ លោកបានការពារ មើលការខុសត្រូវ ជនជាតិជប៉ុន ឱ្យនៅក្នុងសណ្ឋាគាររបស់លោក បានរួចចាកទុក្ខភ័យ ព្រោះខ្លាចមានគ្រោះថ្នាក់ ក្នុងនោះរួមទាំងគ្រូបង្រៀនជនជាតិជប៉ុនផងដែរ។
៣. កាលទឹកជំនន់ធំនៅស្រុកបន្ទាយស្រី៖ ជនជាតិជប៉ុន ជាប់នៅប្រាសាទបន្ទាយស្រី នៅសល់ទួលតិចតួច ទឹកហូរខ្លាំង មិនអាចឆ្លងកាត់បាន ខ្លះនៅលើប្រាសាទ ដោយលោកខ្លាចជនជាតិជប៉ុនអត់បាយពេលយប់ ឬគ្រោះថ្នាក់ដោយសារសត្វពិសផ្សេងៗ លោកបានស្នើសុំឧទ្ធម្ភាគចក្រ ៣គ្រឿងពីសម្តេចតេជោ និងបានជួយសង្គ្រោះប្រជាពលរដ្ឋប្រមាណ ១០០០នាក់ជាង រួមទាំងជនជាតិជប៉ុនរាប់រយនាក់។
៤. ការទំនាក់ទំនងផ្នែកផ្សេងៗច្រើនទៀតដូចជា ការសាងសង់សាលារៀន និងអន្តូងទឹកនៅខេត្តសៀមរាប ហើយលោកបានជួយសិស្សចុះកម្មសិក្សាមកពីប្រទេសជប៉ុន (ទស្សនៈកិច្ចនៅខេត្តសៀមរាប) ស្ទើរតែជារៀងរាល់ឆ្នាំ ជាដើម។
សកម្មភាពមនុស្សធម៌ដែលបានជួយប្រជាជនជប៉ុន និងប្រទេសជប៉ុន របស់អ្នកឧកញ៉ា សៀង ណាំ ខាងលើនេះ បានធ្វើឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញ ហើយតាមរយៈក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិ ក៏បានស្នើសុំទៅព្រះចៅអធិរាជជប៉ុន ឱ្យផ្តល់គ្រឿងឥស្សរិយយសដ៏វិសេសវិសាលនេះ ជូនដល់អ្នកឧកញ៉ា។
សូមជម្រាបជូនថា បើតាមស្ថានទូតជប៉ុន គ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ (The Order of the Rising Sun. Gold Rays With Neck Ribbon) បង្កើតឡើងនៅក្នុងឆ្នាំ១៨៧៥ ដោយព្រះចៅអធិរាជ ម៉ីជិ (Meiji) ជប៉ុន ដែលដំបូងឡើយ គឺសម្រាប់តែឥស្សរជនជប៉ុនតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នត្រូវបានប្រគល់ជូនដល់ឥស្សរជនជាន់ខ្ពស់ ដែលជាប្រមុខរដ្ឋ អតីតប្រមុខរដ្ឋ រដ្ឋសភា ព្រឹទ្ធសភា មេទ័ព រដ្ឋមន្រ្តី អនុរដ្ឋមន្ត្រី ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុប ១៣៦នាក់ នៅលើពិភពលោក ហើយក្នុងនោះក៏មានអ្នកឧកញ៉ា សៀង ណាំ ម្នាក់ផងដែរ៕