អ្នកឧកញ៉ា ពុង ឃាវសែ លើកឡើងថា កម្ពុជា គឺជាប្រទេសដែលមាននយោបាយវិនិយោគបើកទូលាយជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេ។
ថ្លែងក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក នាពេលកន្លងទៅ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ឲ្យដឹងថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវាត់មួយផ្លូវមួយ អ្នកវិនិយោគចិនកាន់តែច្រើន បានមកបណ្តាក់ទុននៅកម្ពុជា នាំមកនូវឱកាសអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានឧត្តមភាពសំខាន់ៗ៥ សម្រាប់ការវិនិយោគ ក្នុងនោះរួមមាន៖ ១ ភាពអំណោយផល នៃស្ថិរភាពនយោបាយ និងសន្តិសុខ ២ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់អ្នកវិនិយោគទាំងអស់លើគ្រប់វិស័យ ហើយអ្នកវិនិយោគបរទេស អាចធ្វើការវិនិយោគ១០០ភាគរយ ដោយគ្មានការចូលរួមពីវិនិយោគគិនក្នុងស្រុក។
ចំណែកឯ ទី៣ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន ៤ កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន ដែលជាតំបន់មួយ បាននិងកំពុងទាក់ទាញការវិនិយោគ សម្រាប់ទីផ្សារមានប្រជាជនអាស៊ានជាង៦០០លាននាក់ ហើយកម្ពុជាក៏ស្ថិតនៅក្នុងតំបន់ជាប់ដងទន្លេមេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ ជាពិសេសការអនុវត្តគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រធានាធិបតីចិន ស៊ី ជីនភីង។
សម្រាប់ទី ៥ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើកំណែទម្រង់ជាច្រើន និងស៊ីជម្រៅលើវិស័យនានា ក្នុងគោលដៅទាក់ទាញការវិនិយោគ ក្នុងនោះរួមមានកំណែទម្រង់លើប្រព័ន្ធឡូជីស្ទីក វិស័យដឹកជញ្ជូន វិស័យថាមពល វិស័យគយ និងពន្ធដារ និងវិសោធនកម្មច្បាប់វិនិយោគ ជាដើម។
សូមជម្រាបថា ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរអោយកត់សម្គាល់ក្នុងឆ្នាំ២០២១ បើទោះបីជាឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ដែលពិតជាឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់អ្នកវិនិយោគចិនលើបរិយាកាសធុរកិច្ចរបស់កម្ពុជា។
ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ២.៣២ ពាន់លានដុល្លារ ពីប្រទេសចិនកាលពីឆ្នាំមុន កើនឡើង ៦៧ ភាគរយ ពី ១.៣៩ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទំហំពាណិជ្ជកម្ម ទ្វេភាគី រវាង កម្ពុជា និង ចិន មាន ទំហំទឹកប្រាក់ ៦.៩៧១ លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំ ២០២២ កើនឡើង ១៥,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ដោយឡែក សម្រាប់ប្រទេសចិនក៏នៅតែជាអ្នកវិនិយោគបរទេសកំពូលសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានចំនួន ៥៣.៤ ភាគរយ នៃការវិនិយោគសរុបចំនួន ៤.៣៥ ពាន់លានដុល្លារ៕