លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងចំណោមមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់កម្ពុជា ដែលធ្លាប់ទទួលបានគោរមងារជា «ឧកញ៉ា»។

មន្ត្រីនយោបាយចាស់វស្សារូបនេះ ទទួលបានងារ «ឧកញ៉ា» កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៩៨ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៦៨។ លោក ឆាន់ សាផាន បច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលលោកមានភារកិច្ចជួយការងារចុះហត្ថលេខាលើការងាររដ្ឋបាលប្រចាំថ្ងៃ នៅពេលឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អវត្តមាន ឬជាប់បេសកកម្ម។ រីឯពិធីតែងតាំងប្រធានមន្ទីរដែនដី តាមបណ្តាខេត្តផ្សេងៗ ក៏លោកតែងអញ្ជើញជាអធិបតីផងដែរ។

បន្ថែមពីនេះ យោងសេចក្តីសម្រេចលេខ ០៥២ សសរ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឆាន់ សាផាន មានភារកិច្ចជួយរដ្ឋមន្ត្រីលើការងារធំៗដូចជា ដោះស្រាយវិវាទដីធ្លី, អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានលំនៅឋាន, កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)៕

