អ្នកឧកញ៉ា ពុង ឃាវសែ ទទួលការតែងតាំងជា «អនុប្រធាន» សមាគមមិត្តភាពកម្ពុជា-ឡាវ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ កាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ​​​ត្រូវ​បាន​ទទួល​ការ​តែងតាំង​ជា «អនុប្រធាន» សមាគម​មិត្តភាពកម្ពុជា-ឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​​ទំព័រហ្វេសប៊ុក​របស់​ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារ​ជាតិ ​​បាន​ឱ្យ​ដឹង​ថា​ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងជូន អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានត្រូវតែង​តាំងជា​អនុប្រធាន នៃសមាគមមិត្តភាពកម្ពុជា-ឡាវ។

គួររំឭកថា សមាគមមិត្តភាពកម្ពុជា-ឡាវ ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​សម្ដេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ​កាល​ពី​​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ២០២១។

ក្នុង​សេចក្ដីសម្រេចបង្កើត​ដំបូង​នោះ បានបញ្ជាក់ថា សមាគមមិត្តភាពកម្ពុជា-ឡាវ មាន នាយឧត្ដមសេនីយ៍ នាង ផាត ជាប្រធាន, លោក ប៊ូ ឡាំ, លោក សោម រតនា, លោកស្រី ទួត បញ្ញា, លោក លី ហុង, អភិបាលខេត្តស្ទឹងត្រែង រតនគិរី ព្រះវិហារ ជាអនុប្រធាន និងលោក វ៉ាន់ លីហៀង ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន៥រូប រួមទាំងសមាជិក២០រូបផងដែរ។

សូមជម្រាបថា សមាគមមិត្តភាពកម្ពុជា-ឡាវ ​ដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តរពង្រឹង និងពង្រីកលើកិច្ច​សហប្រតិបត្តិការ ចំណងមិត្តភាពរវាង ប្រជាជន​និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕