ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២ បានប្រកាសផ្តល់ថវិកា ៨លានរៀល ជូនគ្រួសារសព យោធិន ២ រូបដែលបានពលីជីវិតក្នុងការជួយសង្គ្រោះក្មេងប្រុស២នាក់ ក្នុង១គ្រួសារ ៤លានរៀល។ យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារនេះ លោកឧកញ៉ា បានបញ្ជាក់ឱ្យដឹងថា ថវិកាទាំងនោះ បានទៅដល់ដៃគ្រួសារសពហើយ។

លោកឧកញ៉ា បានសរសេរសារលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “ថវិការចំនួន ៨លានរៀល របស់ខ្ញុំបាទ តាមរយៈប្អូនប្រុស តាំង គឹមឡេង បានដល់ដៃគ្រួសារសព ទាហ៊ានទាំងពីរគ្រួសារហើយ។ ខ្ញុំបាទពិតជាសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ធនធានដ៏អង្គអាច ហ៊ានលះបង់ដោយមិនគិតពីអាយុជីវិតខ្លួនឯង។ ក្នុងវេលាប្រកបដោយក្តីខ្សឹបខ្សួលរំជួលចិត្តនេះ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារនៃសពប្អូនទាំងពីរផង រួមទាំងចូលរួមជាថវិកា ៨ លានរៀល ក្នុង១គ្រួសារ ចំនួន ៤លានរៀល និងសូមបួងសួង សូមឲ្យវិញ្ញាណខ័នប្អូនទាំងពីរបានទៅកាន់សុខគតិភព”។


សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន ២នាក់ បានទៅបង់ត្រី នៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេងប្រុស ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេងបានហើយ ជាអកុសល ទឹកបានហូរគួចខ្លាំង បណ្តាលឱ្យយោធិនទាំង២នាក់ លង់ស្លាប់ទាំង២នាក់តែម្តង។
គម្រូវីរភាពនេះ បានធ្វើឱ្យនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ បានសម្រេចដំឡើងឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈជូនដល់សពយោធិនទាំង២រូបដូចខាងក្រោម៖
១. ពលបាលឯក ឈន ស៊ីដេត អត្តលេខ ២៣៤៦៩០ យោធិន វរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដំឡើងឋានន្តរស័ក្តិទៅជាថ្នាក់ «អនុសេនីយ៍ឯក» (ស័ក្តិ៣)។
២. ពលទោ វ៉ាន់ ថុល អត្តលេខ ២៣៤១៤២ យោធិន វរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដំឡើងឋានន្តរស័ក្តិទៅជាថ្នាក់ «អនុសេនីយ៍ឯក» (ស័ក្តិ៣) ផងដែរ៕