ឧកញ៉ា លឹម ហេង៖ ការដកបម្រាមវិធានសុខាភិបាល នឹងជួយទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេសកាន់តែច្រើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​យល់​ឃើញ​ថា ការសម្រេច​ដកចេញនូវវិធានការ​សុខា​ភិបាល សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា គឺជាឱកាសអំណោយផលមួយទៀត សម្រាប់​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនពីក្រៅប្រទេសឱ្យមកកម្ពុជា កាន់​តែ​ច្រើន​ឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើកឡើង​ខាង​លើ​​ គឺ​បន្ទាប់ពី​កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ​ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញ​វិធានការ​សុខាភិបាល សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជាទាំង​តាម​ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយ​មិនតម្រូវឱ្យ​បង្ហាញ​សេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និង​បណ្ណ ឬវិញ្ញាបនបត្រ​ចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩ពេញលេញ ពោលគឺចាប់ពីពេលនេះតទៅការចេញចូល​នៅ​កម្ពុជា នឹងបើកទូលាយដូចធម្មតាទោះបីជាបានចាក់វ៉ាក់ ឬមិនបានវ៉ាក់សាំង ដោយគ្រាន់តែពិនិត្យ​កម្តៅ​លើ​អ្នកដំណើរ​មុននឹងចូលមកកម្ពុជាប៉ុណ្ណោះ។

ឧកញ៉ា លឹម ហេង បានលើកឡើង​ដូច្នេះ​ថា ស្របពេលដែលកម្ពុជា បានអនុវត្តកិច្ចព្រមព្រៀងសេរី​ពាណិជ្ជ​កម្ម​នានា បាន​ធ្វើឱ្យវិនិយោគបរទេសមានចំណាប់អារម្មណ៍​មកលើកម្ពុជា ហើយការសម្រេចរបស់​រាជរដ្ឋា​ភិបាល លើការបើកចំហរនូវវិធានការសុខាភិបាលនេះ នឹងក្លាយជាចលករមួយទៀត សម្រាប់ទាក់ទាញ​វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរបរទេស ឱ្យមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ក្នុងការមកសិក្សាស្វែង​យល់ពីឱកាស​វិនិយោគនៅកម្ពុជា ហើយ​ការបើកទូលាយ​ឱ្យមានការចេញចូលកម្ពុជាជាធម្មតានេះ បានស​បញ្ជាក់ឱ្យឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាល បានយកឈ្នះលើកូវីដ១៩ ។

“​យើងមើលបរិបទសកលសព្វថ្ងៃនេះ ការទប់ស្កាត់កូវីដមានវ៉ាក់សាំងចាក់ស្ទើរគ្រប់ប្រទេសហើយ ដែល​បាន​បើកទូលាយបណ្តើរហើយនៅបរទេសនោះ ប៉ុន្តែមិនទាន់បើកទូលាយដូចកម្ពុជាទេ កម្ពុជាយើងមាន​លទ្ធភាព​ជាងគេ ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលបានយកឈ្នះ ដោយសារការចាក់វ៉ាក់សាំង ជិត១០០% ដែល​យើងរំពឹងថា ទោះបីឆ្លង​ក៏មិន​បណ្តាលឱ្យមានហានិភ័យខ្ពស់រហូតដល់ថ្នាក់បាត់បង់ជីវីតដែរ ដែលជាចំណុច​មួយ​យើងមិនមានការបារម្ភធ្ងន់ធ្ងរទេ”។ ឧកញ៉ា លឹម ហេង ​​បានបញ្ជាក់​បន្ថែម។

​បើ​តាមការព្យាករណ៍​របស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរ​អន្តរជាតិ​ចាប់ពី ១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិ​ចូល​មកកម្ពុជា​មានជិត ១លាននាក់​​ កើនឡើង៧២០% បើ​ធៀបរយៈពេលដូចគ្នា កាលពី​ឆ្នាំ២០២១៕