អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសម្ព័ន្ធ កាណាឌីយ៉ា បានផ្តួចផ្តើមគំនិតបង្កើតសាកលវិទ្យាល័យមួយថ្មីជាមួយនឹងអគារផ្ទាល់ខ្លួនតម្លៃជាង ៣លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា។
សាកលវិទ្យាល័យនេះត្រូវបានដាក់ឈ្មោះថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ខេមតិច ដែលទទួលបានការគាំទ្រពីសហព័ន្ធខ្មែរ – ចិននៅកម្ពុជា ក្នុងការបណ្តុះទេពកោសល្យវិជ្ជាជីវៈដល់យុវជនកម្ពុជា លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយមានភាពជាដៃគូផ្នែកបច្ចេកទេសជាមមួយនឹងសាកលវិទ្យាល័យល្បីៗនៅក្នុងតំបន់អាស៊ី។ ក្នុងន័យនេះ សាកលវិទ្យាល័យខេមតិច នឹងបណ្តុះបណ្តាលនិស្សិត ដើម្បីបង្កើនឱកាសទទួលបានការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
មែនទែនទៅអ្នកឧកញ៉ាចាប់ផ្តើមដំណើរសាកលវិទ្យាល័យតាំងតែពីឆ្នាំ២០១៨មកម្លេះ ប៉ុន្តែនៅក្នុងខែមីនាឆ្នាំ២០២១ សាកលវិទ្យាល័យខេមតិច ទើបបានទទួលការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើប្រតិបត្តិការដែលមានមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យធុរកិច្ចនិងគ្រប់គ្រង មហាវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត និងមហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយចីរភាព។
ដើម្បីរួមចំណែកក្នុងការបង្កើតសាកលវិទ្យាល័យនេះ មូលនិធិអ្នកឧកញ៉ាពុង ឃាវសែ ត្រូវបានបង្កើតឡើង។ មូលនិធិនេះបានផ្តល់ផ្ទៃដីទំហំ៥ ហិកតា នៅក្នុងទីក្រុងរណបជ្រោយចង្វារ ធ្វើជាទីធ្លាសាកលវិទ្យាល័យខេមតិច និងបានចំណាយថវិកាវិនិយោគជាង៣ លានដុល្លារ ដើម្បីសាងសង់អគារសិក្សាមួយនេះ ព្រមជាមួយនឹងការបំពាក់គ្រឿងបរិក្ខារសង្ហារិមទំនើប នៅក្នុងអគារ សួនច្បារ និងអាហារដ្ឋាន៕